(ប៉េកាំង)៖ ការដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញ របស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ ធ្វើឡើងដោយមិនស្របទៅនឹងច្បាប់អន្តរជាតិ និងការធ្វើពាណិជ្ជកម្មយុត្តិធម៌ទាល់តែសោះ ហើយបើទោះជាមានការគំរាមដាក់ទណ្ឌកម្មក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែរក្សាសិទ្ធិរបស់ខ្លួន ក្នុងការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ដដែល។ នេះគឺជាការគូសបញ្ជាក់របស់ក្រសួងការបរទេសចិន ដកស្រង់ដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
ប្រតិកម្មរបស់ក្រសួងការបរទេសចិន កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជាសាធារណៈថា នឹងដាក់ទណ្ឌកម្មលើប្រទេស ឬបណ្ដាក្រុមហ៊ុនទាំងឡាយណា ដែលហ៊ានធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ក្រោយទណ្ឌកម្មអាមេរិក ចូលជាធរមានកាលពីថ្ងៃអង្គារកន្លងទៅ។
ក្រសួងការបរទេសចិន បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយ នៅថ្ងៃពុធសប្ដាហ៍នេះយ៉ាងដូច្នេះថា «ពាណិជ្ជកម្មរវាងចិន និងអ៊ីរ៉ង់ ធ្វើឡើងដោយបើកចំហប្រកបដោយ តម្លាភាព យុត្តិធម៌ និងស្របច្បាប់ ដោយមិនបានរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN នោះទេ... ដូច្នេះចិនមានសិទ្ធិស្របច្បាប់ក្នុងការជ្រើសរើសដៃគូ និងបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់»។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្រោយទីក្រុងវ៉ាស៊ីនតោន ប្រកាសដកខ្លួនចេញពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ ប៉ុន្តែចិន និងបណ្ដាប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ដូចជាអាល្លឺម៉ង់ អង់គ្លេស បារាំង និងរុស្ស៊ី សុទ្ធតែចាត់ទុកថា ការដកខ្លួនរបស់វ៉ាស៊ីនតោនគឺជារឿងខុសច្បាប់ ហើយក្រៅតែពីចិន សហភាពអឺរ៉ុបក៏កំពុងចាត់វិធានការដើម្បីការពារក្រុមហ៊ុនអឺរ៉ុប នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ៕