(តូក្យូ)៖ ទីក្រុងណាហ្គាសាគី (Nagasaki) នៃប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះបានរៀបចំពិធីរំលឹកខួបប្រចាំឆ្នាំលើកទី ៧៣ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក ក្រោមការចូលរួមជាលើកដំបូងពីសំណាក់ អគ្គលេខាធិការរបស់អង្គការសហប្រជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) ខណៈក្រុមអ្នកប្រវត្តិសាស្រ្តអន្តរជាតិ បានឆ្លៀតរំលឹកជប៉ុនឲ្យចងចាំពីទង្វើ ដែលខ្លួនបានប្រព្រឹត្តកាលពីសម័យសង្រ្គាមលោកផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
តាមរយៈការចូលរួមពិធីរំលឹកខួបខាងលើនេះ លោក Guterres បានក្លាយជាអគ្គលេខាធិការដំបូងបំផុត ដែលកំពុងកាន់តំណែងរបស់អង្គការសហប្រជាជាតិ បានមកចូលរួមព្រឹត្តិការណ៍ដែលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាមួយសេចក្តីប្រកាសអំពាវនាវឲ្យដល់បណ្តាថ្នាក់ដឹកនាំលើពិភពលោកលុបបាត់ចោលនូវអាវុធនុយក្លេអ៊ែរ។
កាលពីវេលាម៉ោង ១១៖០២នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) អ្នកចូលរួមទាំងអស់បានធ្វើការស្មឹងស្មាត ខណៈដែលវេលាម៉ោងនេះ គឺជាពេលដែលយន្តហោះទម្លាក់គ្រាប់អាមេរិក B-29 បានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ឈ្មោះ Fat Man ទៅលើក្រុងណាហ្គាសាគី ដែលបានផ្តាច់ជីវិតមនុស្សប្រមាណ ៧៤,០០០នាក់ កាលពីឆ្នាំ១៩៤៥។
ការប្រើប្រាស់អាវុធដ៏ខ្លាំងមហិមាបែបនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការទម្លាក់គ្រាប់បែកបរមាណូមួយទៀត ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នាថ្ងៃទី០៦ ខែសីហា ឆ្នាំដដែល ដោយការទម្លាក់គ្រាប់បែកបរមាណូទាំងពីរគ្រាប់នេះ គឺជាមធ្យោបាយដើម្បីឲ្យសង្រ្គាមលោកលើកទីពីរឆាប់ត្រូវបានបញ្ចប់ និងបង្ខំជប៉ុនឲ្យទម្លាក់អាវុធចុះ ដោយពុំចាំបាច់ត្រូវចូលឈ្លានពានតាមផ្លូវគោកលើប្រទេសជប៉ុន ដែលអាចនឹងនាំឲ្យមនុស្សជាច្រើនសន្ធឹកសន្ធាប់ថែមទៀតត្រូវបាត់បង់ជីវិត។
គួរជម្រាបថា ស្របពេលដែលជប៉ុននាសប្តាហ៍នេះ បានរំលឹកពីសោកនាដកម្មដែលខ្លួនបានជួបប្រទះ កាលពីចុងសម័យសង្រ្គាមលោកលើកទីពីរ បណ្តាប្រវត្តិវិទូ និងអ្នកនយោបាយជំនាញៗជុំវិញពិភពលោក ក៏បានជំរុញឲ្យជប៉ុនឆ្លៀតឱកាសទទួលស្គាល់ខ្លួនឯងថា ជប៉ុនពុំត្រឹមតែជាជនរងគ្រោះ នៃការទម្លាក់គ្រាប់បែកបរមាណូប៉ុណ្ណោះទេ តែក៏ជាជនដៃដល់ផ្ទាល់ ដែលបានបង្កឈានដល់ហេតុការណ៍គួរឲ្យសោកសៅទាំងនេះពីដំបូងឡើយផងដែរ។
បើតាមប្រវត្តិសាស្រ្ត នៅមុននិងអំឡុងសម័យសង្រ្គាមលោកលើកទីពីរ ជប៉ុនបានធ្វើការដណ្តើមកាប់កាន់តំបន់ជាច្រើននៅអាស៊ី ដែលជាលទ្ធផលបានធ្វើឲ្យជនរងគ្រោះជាប្រជាជនស្លូតត្រង់រាប់ម៉ឺនរាប់សែននាក់ បានបាត់បង់ជីវិត និងរងទុក្ខវេទនា៕