(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង នឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយនៅសប្ដាហ៍ក្រោយនេះ ដើម្បីត្រួតពិនិត្យនូវការអនុវត្ត តាមអ្វីដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍ រួម Panmunjom ក៏ដូចជាពិភាក្សាផងដែរពីលទ្ធភាព នៃការរៀបចំនួនកំពូលរវាងមេដឹកនាំ នៃប្រទេសទាំងពីរជាថ្មីម្ដងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
យោងតាមក្រសួងខាងលើដដែល កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នៅឯភូមិ Panmunjom ប៉ែកខាងទឹកដីកូរ៉េខាងជើង នៃតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ។ ចំណែកឯ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក ចូ ម្យាំងក្យុន (Cho Myoung-gyon) នឹងដឹកនាំប្រតិភូកូរ៉េខាងត្បូងចូលរួមក្នុងកិច្ចប្រជុំនេះ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េទាំងពីរបានប្រឹងប្រែងស្តារនូវទំនាក់ទំនងជាច្រើនវិស័យរួចមកហើយ ដូចជាវិស័យកីឡា ទំនាក់ទំនងយោធាតាមព្រំដែន សិល្បៈ និងឈានទៅរកវិស័យជាច្រើនទៀត ដើម្បីស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀង នៅក្នុងជំនួបរវាងលោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន កាលពីប៉ុន្មានខែមុននេះ៕