(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីបានកំណត់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយការវាយប្រហារដោយសារធាតុគីមីលើអតីតមន្ត្រីនៃទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់រុស្ស៊ីម្នាក់នៅក្នុងប្រទេសអង់គ្លេស។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី ហ៊ឺធើ ណឺត (Heather Nauert) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៦ ខែសីហា បានកំណត់ថា រដ្ឋាភិបាលរុស្ស៊ីបានប្រើប្រាស់អាវុធគីមី ដោយរំលោភលើច្បាប់អន្តរជាតិ... ហើយអនុឡោមតាមច្បាប់អាមេរិកស្ដីពីអាវុធគីមី ការសម្រេចចិត្តដាក់ទណ្ឌកម្មទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី ប្រឆាំងនឹងទីក្រុងម៉ូស្គូ នឹងត្រូវចូលជាធរមាននៅថ្ងៃទី២២ ខែសីហានេះ»។ ប៉ុន្តែទន្ទឹមគ្នាលោកស្រីអ្នកនាំពាក្យរូបនេះមិន បានបញ្ជាក់លម្អិតពីទណ្ឌកម្មនេះឡើយ។
គួររំលឹកថា លោក ស៊ឺហ្គៃ ស្គ្រីផាល់ (Sergueï Skripal) ជាអតីតទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី និងកូនស្រីរបស់លោកដែលបច្ចុប្បន្នកំពុងរស់ ក្នុងប្រទេសអង់គ្លេស ត្រូវបានគេប៉ុនប៉ងធ្វើឃាតដោយអាវុធគីមីពុល ណូវីតចុក (Novitchok) នៅឯទីក្រុង សាលីប៊ឺរី (Salisbury) កាលពីខែមីនាកន្លងទៅ។ បន្ទាប់មកសំណុំរឿងនេះបានបង្កទៅជាវិបត្តិការទូតរវាងរុស្ស៊ី និងបណ្ដាប្រទេសលោកខាងលិច តាមរយៈការបណ្ដេញ មន្រី្តទូតចេញពីប្រទេសរៀងៗខ្លួន បើទោះជាទីក្រុងម៉ូស្គូបដិសេធថា ខ្លួនមិនមែនជាអ្នកធ្វើអំពើដ៏សាហាវនេះក៏ដោយ៕