(តែលអាវីវ)៖ ក្រសួងការពារជាតិ​អ៊ីស្រាអែល បានឲ្យដឹងថ្ងៃព្រហស្បតិ៍​នេះថា ​កងយន្តហោះចម្បាំង​​របស់ខ្លួន បានបើកការវាយ​ប្រហារ​​​យ៉ាងក្តៅគគុក​ទៅលើ​មូលដ្ឋានយោធា​​​យុទ្ធសាស្រ្ត​របស់​ក្រុមហាម៉ាស់​​ជាង ១៤០កន្លែង នៅក្នុងតំបន់​ហ្គាហ្សារបស់​ប៉ាឡេស្ទី​ន។ នេះបើ​តាមការដក​ស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។

​ប្រតិបត្តិ​ការវាយប្រហារ​តាមផ្លូវអាកាសនេះត្រូវបានអះអាងថា ​ធ្វើឡើងដើម្បីជា​ការតបត​ចំពោះ​ការបាញ់​ស្រោច​គ្រាប់រ៉ុក្កែត​​​ប្រមាណ ​១៥០គ្រាប់ ចេញពីហ្គាហ្សា​ចូលមក​កាន់​ទឹកដីអ៊ីស្រាអែល​កាលពីយប់ថ្ងៃពុធ ក្នុងនោះប្រព័ន្ធ​ខែល​ការពារ អាយរ៉ុន ដូម (Iron Dome) ​បាញ់ស្កាត់​បាន ​​២៥គ្រាប់។

គួរជម្រាបថា ​បើតាមអ្នកនាំពាក្យ​​សុខាភិបាល​​ហ្គាហ្សា ​ជនស៊ីវិល​មួយចំនួន​បានបាត់បង់ជីវិត ដោយសារការវាយប្រហារ​យ៉ាង​ចាស់ដៃ​ពី​អ៊ីស្រាអែល ខណៈ​​គ្រាប់រ៉ុក្កែត​​របស់​ពួកហាម៉ាស់​ ដែលបានបាញ់ចូល​​​អ៊ីស្រាអែល ភាគច្រើន​ធ្លាក់​ចំទីវាល។ ការវាយប្រហារនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​អ៊ីស្រាអែលបាន​អះអាងថា សកម្មភាពចល័តសព្វាវុធ​កើតឡើងក្នុងទឹកដី​ហ្គាហ្សា៕