(ចិន)៖ នៅប្រទេសចិន ក្រុមហ៊ុនកាហ្វេ ឡាក់ឃីន (Luckin) ដែលចាប់ផ្តើមអាជីវកម្មមិនទាន់បាន១ឆ្នាំផងនោះ បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុននេះអះអាងថា ខ្លួនបានលក់កាហ្វេ៥លានកែវមកហើយ នៅតាមហាងជាង៥០០កន្លែងទូទាំងប្រទេស ក្នុងរយៈពេល៤ខែដំបូងដែលអាជីវកម្មចាប់ផ្តើមដំណើរការ។
បន្ទាប់ពីប្រមូលថវិកាបាន២០០លានដុល្លារសហរដ្ឋអាមេរិក កាលពីពាក់កណ្តាលខែកក្កដាមក ក្រុមហ៊ុនកាហ្វេនេះ ត្រូវបានគេវាយតម្លៃថា មានតម្លៃស្នើនឹង១ពាន់លានដុល្លារសហរដ្ឋអាមេរិក។
បើប្រៀបធៀបនឹងក្រុមហ៊ុនកាហ្វេល្បីៗដូចជា Starbucks ក្រុមហ៊ុនចិនដែលទើបនឹងបង្កើតថ្មីនេះ មានលក្ខណៈខុសពីគេនៅត្រង់យុទ្ធសាស្ត្រទីផ្សារ និងអាជីវកម្មដែលប្លែកខុសពីគេ ដោយសារក្រុមហ៊ុននេះ ប្រើប្រាស់បច្ចេកវិទ្យានិងការទម្លាក់តម្លៃកាហ្វេ ដើម្បីកាន់កាប់មួយភាគធំនៃចំណែកទីផ្សារកាហ្វេ របស់ប្រទេសចិន ដែលនៅសល់ឱកាសច្រើន។
លោក ចេវហ្វី ថោសិន (Jeffrey Towson), សាស្ត្រាចារ្យផ្នែកវិនិយោគ, សាលាគ្រប់គ្រង គ័ងហួរ នៃសាកលវិទ្យាល័យ ផ័រឃីង និយាយថា «តើការលក់កាហ្វេបែបនោះ គឺជារឿងដែលអតិថិជនទូទៅអាចទទួលយកបានទេ បើធៀបនឹងផលិតផលប្រណីតៗ ដូចជាកាហ្វេ Starbucks ជាដើមនេះ។ កាហ្វេ Starbucks នៅប៉េកាំង មានតម្លៃស្មើនឹងកាហ្វេ Starbucks នៅញូយ៉កទៅហើយ បើទោះបីជាប្រជាជនចិនមានប្រាក់ចំនូល តិចជាងប្រជាជនអាមេរិក ដល់ទៅ៦ដងក៏ដោយ។ ដូច្នេះ យើងសួរថាតើវាសមហេតុផលទេដែលគេលក់កាហ្វេបែបនេះ សម្រាប់អតិថិជនទូទៅ? ឬក៏គេផ្តោតតែលើអតិថិជនមួយក្តាប់តូចទេ? រឿងនេះ វាដូចជាល្បែងបណ្តាក់ទុនវិនិយោគច្រើនជាង! គេចង់ពង្រីកខ្លួនឱ្យធំ ដើម្បីឈ្នះឱ្យធំតែម្តង។ បើមិនធ្វើអញ្ជឹងទេ អាជីវកម្មរបស់គេ ប្រហែលជាមិនសូវកាក់កបទេ»។
ក្នុងខែឧសភា ការប្រកួតប្រជែងរវាង ក្រុមហ៊ុន ឡាក់ឃីន និងក្រុមហ៊ុន Starbucks បានកើនឡើង នៅពេលដែលក្រុមហ៊ុនឡាក់ឃីន បានចេញផ្សាយលិខិតចំហរមួយ ចោទប្រកាន់ក្រុមហ៊ុន Starbucks អំពីអាកប្បកិរិយាត្រួតត្រារបស់ខ្លួន។ ក្រុមហ៊ុន Starbucks បានឆ្លើយតបមកវិញដោយបដិសេធនឹងការចោទប្រកាន់នេះ ព្រមទាំងបានចាត់ទុកការចេញផ្សាយនេះថា គ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ពីសាធារណៈជនប៉ុណ្ណោះ។
ប៉ុន្តែលោកសាស្ត្រាចារ្យ ថោសិន និយាយថា គេមិនចាំបាច់ធ្វើឱ្យការប្រកួតប្រជែងឡើងកម្តៅបែបនេះទេ ពីព្រោះក្រុមហ៊ុនទាំងពីរនេះ អាចឈរជើងក្នុងទីផ្សារប្រទេសចិនដ៏ធំធេងបែបនេះ ដំណាលគ្នាតែម្តង។
លោក ចេវហ្វី ថោសិន និយាយទៀតថា «ទីផ្សារនេះ មានសក្តានុពលធំណាស់។ មិនថាពួកគេក្តោបក្តាប់ទីផ្សារបានកម្រិតណាក៏ដោយ ក៏គេសុទ្ធតែអាចក្លាយជាក្រុមហ៊ុនដ៏ធំ និងឈ្នះបានផលធំដែរ ដោយមិនចាំបាច់ប៉ះពាល់ដល់ Starbucks នោះឡើយ។ តែសព្វថ្ងៃ អតិថិជននៅប្រទេសចិន ងាយដូរចិត្តណាស់ ចំពោះគ្រប់វិស័យតែម្តង។ គេដូរចិត្តលឿន ដូចជាផ្សារហ៊ុនដែលឡើងចុះអញ្ជឹង។ អញ្ជឹង ខ្ញុំមិនភ្ញាក់ផ្អើលអ្វីទេ ប្រសិនបើចំណែកទីផ្សាររបស់ក្រុមហ៊ុន Starbucks ឡើងចុះ១០ឬ២០ភាគរយនោះ»។
ទំហំ គឺជាគន្លឹះសំខាន់ក្នុងអាជីវកម្មលក់រាយ ដូចដែលអ្នកជំនាញនិយាយថា ទីតាំងល្អសំខាន់ជាងម៉ាកយីហោ។
លោក ប៊្រូណូ ឡេន ដៃគូ ក្រុមហ៊ុន Bain and Company និយាយថា «ដរាបណាគេឈរជើងក្នុងទីផ្សារក្នុងស្រុកហើយ ខ្ញុំគិតថាគេនឹងអាចមានអតិថិជនដ៏ស្មោះស្ម័គ្របានហើយ។ ដូច្នេះចំនុចសំខាន់សម្រាប់ក្រុមហ៊ុនលក់រាយភាគច្រើន គឺត្រូវបង្កើនចំនួនហាងរបស់គេឱ្យបានច្រើនកន្លែង ពីព្រោះទាល់តែបែបនេះ ទើបគេអាចបង្កើនចំនួនអតិថិជនដ៏ស្មោះស្ម័គ្របាន»។
ក្រុមហ៊ុន ឡាក់ឃីន បានទាក់ទាញអតិថិជនជាច្រើនរួចទៅហើយក្នុងប្រទេសចិន ដោយសារប្រព័ន្ធទូទាត់ប្រាក់ដោយមិនប្រើក្រដាសប្រាក់របស់ពួកគេ។
អ្នកផឹកកាហ្វេបាននិយាយថា «ដោយសារតែឥឡូវ យើងមានជម្រើសច្រើន អញ្ជឹងខ្ញុំនឹងរើសយករបស់ណាដែលស្រួលសម្រាប់ខ្ញុំ។ បើនិយាយអំពីកាហ្វេ ឡាក់ឃីន ខ្ញុំអាចកម្មង់វាតាមទូរស័ព្ទបាននៅពេលកំពុងជិះឡាន ហើយក្រោយមកចាំទៅយកវាពីហាងតែម្តង។ ប៉ុន្តែសម្រាប់Starbucksវិញ ខ្ញុំត្រូវតែឈរតម្រង់ឈួរដើម្បីទិញ»។
បើទោះជាត្រូវតម្រង់ជួរក៏ដោយ ក៏ក្រុមហ៊ុន Starbucks នៅតែមានអតិថិជនច្រើន។ យ៉ាងណាមិញ ក្រុមហ៊ុននេះបានមានវត្តមានក្នុងប្រទេសចិន អស់រយៈពេល ១៩ឆ្នាំមកហើយ។
អ្នកផឹកកាហ្វេម្នាក់និយាយថា «ខ្ញុំធ្លាប់ឃើញគេផឹកកាហ្វេ ឡាក់ឃីន ដែរ។ តែខ្ញុំមិនដែលបានសាកវាទេ ព្រោះខ្ញុំចូលចិត្តកាហ្វេ Starbucks ជាង»។
ក្នុងចំណោមហាងទាំង ៥២៥ កន្លែងរបស់ក្រុមហ៊ុន ឡាក់ឃីន មាន២៣១កន្លែងទៅហើយ ដែលជាប្រភេទហាងកាហ្វេខ្ចប់ ពោលគឺមិនមានទីធ្លាអង្គុយសម្រាប់អតិថិជននោះទេ។ នៅពេលអនាគត ក្រុមហ៊ុននេះចង់ ធ្វើឱ្យចំនួនហាងកាហ្វេខ្ចប់នេះ ធ្លាក់មកសល់ត្រឹមតែ ១៥% នៃហាងសរុបប៉ុណ្ណោះ ដោយសារក្រុមហ៊ុននេះយល់ថា ហាងកាហ្វេដែលពេញខ្នាត គឺជាជម្រើសដែលជោគជ័យ ទៅថ្ងៃមុខ៕ (សារព័ត៌មាន CCTV របស់ចិន)