(ចិន)៖ ជាផ្នែកមួយនៃផែនការជំរុញកំណើនសេដ្ឋកិច្ច ខេត្តគួយចូវ នៅភាគនិរតី ប្រទេសចិន បានស្វែងរកវិធីជាច្រើន ដើម្បីប្រើបច្ចេកវិទ្យាទិន្នន័យធំ (Big Data) សម្រាប់អភិវឌ្ឍវិស័យផលិតកម្មរបស់ខេត្ត។

នៅឯរោងចក្រផលិត ក្នុងក្រុមហ៊ុនផលិតស្លាបយន្តហោះគួយចូវ អ្នកបច្ចេកទេសកំពុងកែសម្រួលខ្សែដំឡើងស្លាបយន្តហោះដ៏ឆ្លាតវៃមួយ។ នៅពេលកែសម្រួលរួច គេរំពឹងថា ខ្សែដំឡើងនេះនឹងក្លាយជាខ្សែដ៏ទំនើបបំផុតមួយ ក្នុងពិភពលោក។

រចនាឡើងដោយក្រុមហ៊ុននេះ និងសាកលវិទ្យាល័យល្បីៗមួយចំនួន នៅប្រទេសចិន ខ្សែដំឡើងនេះ ប្រើបច្ចេកវិទ្យាទិន្នន័យធំជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពរបស់វា។ ការស្រាវជ្រាវ និងការអភិវឌ្ឍនេះ ចំណាយថវិកាអស់ត្រឹមតែ១ភាគ៣នៃខ្សែដំឡើងដែលស្រដៀងគ្នានេះប៉ុណ្ណោះ។

លោក ហ៊ូ មីង អ្នកគ្រប់គ្រងផ្នែកផលិតកម្ម ក្រុមហ៊ុនផលិតស្លាបយន្តហោះគួយចូវ បានថ្លែងថា «រោងចក្ររបស់យើង មានភាពបត់បែន និងឆ្លាតវៃ។ គ្រប់ឧបករណ៍ទាំងអស់ សុទ្ធតែប្រើបច្ចេកវិទ្យាទិន្នន័យធំ ដើម្បីប្រមូលនិងវិភាគទិន្នន័យ។ ហើយទិន្នន័យដែលវិភាគរួច នឹងយកមកប្រើដើម្បីអភិវឌ្ឍបច្ចេកទេសផលិតរបស់យើង។ កាលពីមុន ២ភាគរយនៃផលិតផលដែលយើងផលិតបាន គឺត្រូវដកចេញវិញ។ តែក្រោយពីយើងប្រើទិន្នន័យធំ វាធ្លាក់មកសល់ត្រឹម០.០១ភាគរយវិញហើយ។ ពិតជាគួរឱ្យស្ញប់ស្ញែងមែន»

ក្រុមហ៊ុននេះ គឺជាឧទាហរណ៍មួយ ដែលឆ្លុះបង្ហាញឱ្យឃើញពីបំណងរបស់ខេត្តគួយចូវ ដែលចង់អភិវឌ្ឍវិស័យផលិតរបស់ខ្លួន ដោយប្រើបច្ចេកវិទ្យាទិន្នន័យធំ។

លោក ហ័ង ស៊ីឈី នាយករង មន្ទីរឧស្សាហកម្មនៃគណៈកម្មការព័ត៌មាននិងសេដ្ឋកិច្ច ខេត្តគួយចូវ បានថ្លែងថា «គេគួរតែប្រើទិន្នន័យធំ នៅក្នុងគ្រប់ដំណើរការទាំងអស់នៃវិស័យឧស្សាហកម្មតែម្តង គឺចាប់ពីផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ រចនាផលិតរហូតដល់ផ្នែកសេវាកម្ម ដើម្បីបង្កើតបានជាប្រព័ន្ធឧស្សាហកម្មដ៏ទំនើបមួយ»។

សេដ្ឋកិច្ចខេត្តគួយចូវ ធ្លាប់តែពឹងផ្អែកទៅលើធនធានធម្មជាតិ ដ៏សំបូរបែបដែលខេត្តមាន។ តែសព្វថ្ងៃ ខេត្តនេះកំពុងបើកទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈវិស័យផលិត។ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កំណើនសេដ្ឋកិច្ចខេត្តគួយចូវ មានល្បឿនលឿនជាងគេ នៅក្នុងប្រទេសចិន៕ (សារព័ត៌មាន CCTV របស់ចិន)