(ឡុងដ៍)៖ ក្រុមហ៊ុន Facebook បានសូមទោស និងបង្ហាញការសោកស្ដាយជាខ្លាំង ក្រោយអ្នកប្រើប្រាស់របស់ខ្លួនមួយចំនួន បានបង្ហោះសាររបស់ពួកគេអមជាមួយ «រូបភាពប៉េងប៉ោងអបអរសាទរ» រៀបរាប់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ដែលបានផ្ដាច់ជីវិត មនុស្សរាប់រយនាក់ក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
ប្រជាជនឥណ្ឌូណេស៊ីមួយចំនួន បានបង្ហោះសារនៅលើ Facebook ដោយប្រើប្រាស់ពាក្យសឺឡាម៉ាត់ (selama) ឬមានន័យថា «សុវត្ថិភាព» ប៉ុន្តែទន្ទឹមគ្នា «រូបភាពប៉េងប៉ោងអបអរសាទរ» បែរជាលេចឡើងជាមួយសារទំាងនេះទៅវិញ ស្របពេលប្រជាជន ឥណ្ឌូណេស៊ីកំពុងជួបទុក្ខលំបាក។
ជុំវិញកំហុសឆ្គងដោយអចេតនានេះ អ្នកនាំពាក្យក្រុមហ៊ុន Facebook ក៏បានចេញមុខសូមទោសផងដែរ។ អ្នកនាំពាក្យរូបនេះបានលើកឡើងដូច្នេះថា «រូបភាពប៉េងប៉ោងអបអរសាទរ គឺត្រូវបាន ប្រើប្រាស់លើ Facebook នៅទូទាំងសកលលោក។ តែយ៉ាងណា យើងពិតជាសោកស្ដាយណាស់ ដែលវាលេចឡើងនៅចំពេលប្រជាជនឥណ្ឌូណេស៊ី កំពុងជួបគ្រោះអកុសល្យ ហើយយើងបានបិទដំណើរការនេះនៅក្នុងតំបន់ជាបណ្ដោះអាសន្នសិន»។
គួរជម្រាបជូនថា បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ី ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ ដែលបានវាយប្រហារលើកោះលុមបុក កាលពីថ្ងៃអាទិត្យបានកើនដល់ ៣៤៧នាក់ និង ១,៤៧៧នាក់រងរបួសហើយ ១៦៥,០០៣នាក់ត្រូវបានជម្លៀសខ្លួនចេញពីទីលំនៅរបស់ពួកគេ៕