(វ៉ាស៊ីនតោន)៖ ខណៈបញ្ហាវិវាទកំពុងផ្ទុះឡើងយ៉ាងក្តៅគគុករវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ អតីតមន្រ្តីយោធានិងជាអ្នកវិភាគខាងប្រឆាំងអំពើភេវកម្មម្នាក់របស់សហរដ្ឋអាមេរិក បានបង្ហាញការយល់ឃើញថា រឿងនេះគឺដោយសារតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានទីប្រឹក្សាមិនល្អដែលស្រេកឃ្លានតែសង្រ្គាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
ជុំវិញបញ្ហាវិវាទនៃប្រទេសទាំងពីរអ្នកវិភាគខាងលើ គឺលោក ស្កុត ប៊ែនណេត (Scott Bennett) បានលើកឡើងថា ការដែលលោក ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់អំពីទង្វើទុច្ចរិត និងលួចផ្តល់ហិរញ្ញប្បទានឲ្យក្រុមភេរវករនោះ គឺមកពីការញុះញង់បញ្ចុះបញ្ចូលពីសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា ដូចជាអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ក៏ដូចជាពីមន្រ្តីនៅទីក្រុងវ៉ាស៊ីនតោនផ្ទាល់ ដែលតែងស្រេកឃ្លានចង់បានសង្រ្គាម។
លោក Bennett បានបន្តថា ពួកគេទាំងនោះតែងតែបានព្យាយាមលាបពណ៌អ៊ីរ៉ង់ថា ជាប្រភពនៃអស្ថិរភាព និងចង់គ្រប់គ្រងកាន់កាប់តំបន់មជ្ឈិមបូព៌ាទាំងមូល ខណៈការពិតវាទំនងជាអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតទៅវិញទេ ដែលមានមហិច្ឆតានេះ។
ដោយឡែកដោយសារទើបតែឡើងកាន់អំណាចថ្មីថ្មោង លោក ដូណាល់ ត្រាំ ត្រូវគេខ្សឹបដាក់ត្រចៀកថា អ៊ីរ៉ង់ជាអ្នកបង្កអស្ថិរភាព និងថាអ៊ីរ៉ង់ជាអ្នកនៅពីក្រោយក្រុមភេរវករ ISIS ហើយលួចផ្តល់ហិរញ្ញប្បទានគាំទ្រសង្រ្គាម នៅស៊ីរីនិងតំបន់ផ្សេងៗទៀត។ បើតាមអ្នកវិភាគរូបនេះដដែល ធាតុពិតជាក់ស្តែង អ៊ីរ៉ង់បាននិងកំពុងតែប្រឆាំងនឹង ISIS អាល់កៃដា និងក្រុមភេរវករ ដែលកំពុងរីកសាយភាពនៅក្នុងអឺរ៉ុបទៅវិញនោះទេ។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដល់អន្តរជាតិ ឲ្យជ្រើសរើសយកជម្រើសមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ លោក ត្រាំ បាននិយាយថា នរណាម្នាក់ដែលធ្វើរកស៊ីជាមួយអ៊ីរ៉ង់ និងមិនអាចរកស៊ីជាមួយអាមេរិកបានឡើយ។ ជាមួយគ្នានេះដែរ ទីក្រុងវ៉ាស៊ីនតោន ទើបតែបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ទៅលើទីក្រុងតេហេរ៉ង់តែប៉ុណ្ណោះ បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ស្របពេលដែលគណៈកម្មាធិការអឺរ៉ុបបានបញ្ជាក់ថា នឹងរាំងខ្ទប់ទណ្ឌកម្មអាមេរិកប្រឆាំងអ៊ីរ៉ង់៕