(អូតតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានបញ្ជាក់គោលជំហរថា រដ្ឋាភិបាលរបស់លោកនឹងមិនចុះចាញ់ឡើយក្នុងការពារសិទ្ធិ ហើយក៏នឹងមិនសូមទោសអារ៉ាប៊ីសាអូឌីតដែរ សម្រាប់ការរិះគន់លើបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។
ភាពតានតឹងរវាងកាណាដា និងអារ៉ាប៊ីសាអូឌីត ផ្ទុះឡើងខ្លាំងតាំងតែពីថ្ងៃចន្ទមកម្លោះ ក្រោយពេលទីក្រុងរីយ៉ាដ ចាត់វិធានការលើទីក្រុងអូតតាវ៉ា ក្នុងនោះរួមមានទាំងការបណ្ដេញអគ្គរដ្ឋទូត ហៅទូតរបស់ខ្លួនមកស្រុកវិញ ផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ។ មិនតែប៉ុណ្ណោះ អារ៉ាប៊ីសាអូឌីតក៏កំពុងរៀបចំបញ្ជូននិស្សិត និងអ្នកជំងឺជាពលរដ្ឋរបសខ្លួនចេញពីកាណាដា ទៅបណ្ដាប្រទេសដទៃផងដែរ។
តែទោះជាយ៉ាងនេះក្ដី នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នៅតែបង្ហាញពីគោលជំហរម៉ឺងម៉ាត់ដដែលនៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Trudeau បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាណាដានឹងបន្តនិយាយពីបញ្ហាសិទ្ធិមនុស្សទាំងលក្ខណៈឯកជន និងជាសាធារណៈ... ហើយពិតណាស់យើងមិនចង់មានទំនាក់ទំនងមិនល្អ ជាមួយអារ៉ាប៊ីសាអូឌីតនោះទេ»។
គួរបញ្ជាក់ថា បើតាមលោក Trudeau រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) បានធ្វើកិច្ចសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក អាប់ឌែល អាល់ ជូប៊ែរ (Adel al-Jubeir) កាលពីថ្ងៃអង្គារ ហើយកិច្ចសន្ទនានេះកំពុងបន្តធ្វើឡើង ដើម្បីព្យាយាមផ្សះផ្សាជម្លោះបច្ចុប្បន្ន៕