(ហ្សាការតា)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ ដែលបានវាយប្រហារកោះ លុមបុក (Lombok) ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានកើនដល់៣៤៧នាក់ហើយ ខណៈប្រជាជនឥណ្ឌូណេស៊ីប្រហែល ១៦៥,០០៣នាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីលំនៅរបស់របស់ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
បើតាមការឲ្យដឹងពីអាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃពុធនេះ គ្រោះរញ្ជួយដីខាងលើ ដែលបានកើតមានឡើងកាលពីថ្ងៃអាទិត្យ បានផ្តាច់ជីវិតមនុស្សកើនដល់៣៤៧នាក់។ មិនតែប៉ុណ្ណោះ គ្រោះធម្មជាតិនេះក៏បានបង្កភាពវឹកវរជាខ្លាំងដល់ប្រជាជនរស់នៅក្នុងតំបន់ ព្រមទាំងភ្ញៀវទេសចរផងដែរ ហើយវាកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយកោះទេសចរណ៍ Lombok ដែលមានមនុស្សរស់នៅជាង០៣លាននាក់នេះ ទើបតែបានទទួលរងការវាយលុកដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយផ្សេងទៀត ដែលបានសម្លាប់ ជីវិតមនុស្ស ១៧នាក់។
គួរជម្រាបថា ក្រៅពីនេះមនុស្សប្រមាណ ១,៤៧៧នាក់ ក៏បានរងរបួសផងដែរ ដោយសារគ្រោះរញ្ជួយផែនដីកាលពីថ្ងៃអាទិត្យ រួមជាមួយផ្ទះសម្បែងរាប់ម៉ឺនខ្នង បានទទួលរងការខូចខាត ហើយហេតុការណ៍នេះ ក៏បានបង្ខំឲ្យអ្នកទេសចររាប់ពាន់នាក់ ដែលភាគច្រើនមកពីបរទេសធ្វើការជម្លៀសខ្លួន ជាបន្ទាន់ចេញពីប្រជុំកោះជីលី (Gili) ដែលនៅក្បែរកោះ Lombok ផងដែរ៕