(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បានព្រមានថា លោកនឹងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើមន្ត្រី ប៉ូលិសទាំងឡាយណាដែលប្រព្រឹត្ត ឬមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយថាលោកនឹងមិនញញើតឡើយក្នុងការសម្លាប់ អ្នកទាំងនេះ បើពួកគេហ៊ានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប៉ូលិសជាតិហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
លោក ឌូតើតេ ធ្វើការព្រមានបែបនេះ នៅក្នុងសុន្ទរកថាមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះដែរ លោក ឌូតើតេ បានលើកឡើងដូច្នេះថា៖«អ្នកទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ឬអំពើពុករលួយ ខ្ញុំចង់ប្រាប់អ្នកថាខ្ញុំមានកងអង្គ ភាពពិសេសតាមឃ្លាំមើលអ្នកគ្រប់ពេល...ហើយបើអ្នកនៅតែហ៊ានប្រព្រឹត្តកំហុសឆ្គងតទៅទៀត ខ្ញុំត្រូវតែសម្លាប់អ្នក»។
បន្ថែមពីលើនេះ លោក ឌូតើតេ ថែមទាំងបានផ្ដំាទៅដល់គ្រួសារសាច់ញាតិរបស់ឧក្រិដ្ឋជនផងដែរ ថាកុំឱ្យមកយំស្រែកនៅចំពោះ មុខលោកនៅពេលដែលជនពុករលួយទំាងនោះត្រូវសម្លាប់។ «បើសិនជាកូនមី...ស្លាប់ កុំមកយំនៅចំពោះមុខពួកយើង និងស្រែក ទាមទារសិទ្ធិមនុស្សឱ្យសោះ ពីព្រោះខ្ញុំបានព្រមានពួកអ្នករួចហើយ»។ នេះគឺការគូសបញ្ជាក់បន្ថែមរបស់លោក ឌូតើតេ។
គួរបញ្ជាក់ថា មន្ត្រីប៉ូលិសច្រើនជាង ១,៨០០នាក់ ក្នុងចំណោមមន្ត្រីប៉ូលិស៦,៤០១នាក់ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ ត្រូវបានបណ្ដេញចេញពីតំណែង ខណៈ៣,៦០០នាក់ ត្រូវព្យួរការងារជាបណ្ដោះអាសន្ន គិតចាប់តាំងពីលោកឌូតើតេ កាន់ដំណែង ជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦មក៕