(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នាថ្ងៃពុធនេះ​​បានរងបទបោទ​​ប្រកាន់​ចំនួន០៣ករណី ទៀត ទាក់​ទិននឹងការ​​លាង​លុយ​កខ្វក់​បន្ថែមពីលើការ​ចោទប្រកាន់មួយចំនួន​កាលពីខែកក្កដា ដែលពាក់ព័ន្ធ​នឹងការរំលោ​ភលើ ទំនុកចិត្ត និងអំពើ​ពុករលួយ ដែលធ្វើឲ្យលោកកាន់តែទទួលរងការប្រឈមមុខ​ធ្ងន់ធ្ងរ​បន្ថែមទៀត​ចំពោះមុខការកាត់ក្តី​ពីតុលាការ​៕

 

២៖ មេដឹកនាំចលនា​ប្រឆាំងមួយនៅប្រទេស​ហ្ស៊ីមបាវ៉េ ដែលមាន​ឈ្មោះថា MDC គឺលោក ធិនដៃ ប៊ីទី (Tendai Biti) ត្រូវបានចាប់ ខ្លួន​ហើយនៅថ្ងៃពុធនេះ នៅតំបន់ព្រំដែន ជីរ៉ាន់ឌូ (Chirundu) នៃប្រទេសអាហ្វ្រិក​ខាងត្បូង​មួយនេះ ក្រោយពីលោក​បានព្យាយាម​រត់គេចខ្លួន​ ទៅកាន់ប្រទេសជិតខាងមួយ​គឺហ្សាំប៊ី (Zambia)៕

 

៣៖ ​កូរ៉េខាងជើង​បានចោទប្រកាន់​កូរ៉េខាងត្បូង​នៅថ្ងៃពុធនេះថា កំពុងស្វែងរក​ការប្រឈមមុខ​ដាក់គ្នាជាថ្មី និងបំផ្លាញ​បរិយាកាស​សន្តិភាពបច្ចុប្បន្ននៅលើ​ឧបទ្វីបកូរ៉េ ដោយសំអាង​លើជំនួបយោធា​នាពេលថ្មីៗនេះ​ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូល៕

 

៤៖ ប្រធានាធិបតី​ជាប់ឆ្នោត​លោក អ៊ីរ៉ាន ឌូកេ (Iván Duque) បានស្បថចូល​កាន់ដំណែងជាផ្លូវការហើយ ក្នុងនាមជាប្រធានាធិបតី ទី៦០ របស់​ប្រទេសកូឡុំប៊ី​នៅថ្ងៃអង្គារ​សប្ដាហ៍ (ពេលវេលានៅ​ក្នុងតំបន់អាមេរិកខាងត្បូង)៕

 

៥៖ រដ្ឋាភិបាលឡាវ​បានប្រកាស​ថា ខ្លួននឹងចុះធ្វើ​ការត្រួតពិនិត្យលើស្តង់ដា​សុវត្ថិភាព ក្នុងដំណើរការ​សាងសង់ទំនប់​វារីអគ្គិសនី​​​នៅទូទាំង​ប្រទេស ក្រោយកើតមាន​គ្រោះមហន្តរាយ​បាក់ទំនប់នៅ​ខេត្តអាត់តាពើ ភាគខាងត្បូង ដែលបានបង្ក​ការបំផ្លិចបំផ្លាញ​យ៉ាង​​ខ្លាំងក្លា៕

 

៦៖ នារាត្រីថ្ងៃអាទិត្យ​​ចុងសប្តាហ៍នេះ និងនៅពេលរំលងអធ្រាតឆ្លងចូលថ្ងៃចន្ទ​សប្តាហ៍ក្រោយ​ បាតុភូត​ទេពច្យុត (Meteor Shower) ដ៏ល្បីឈ្មោះ​មួយនឹង​​កើតមានឡើង​លើផ្ទៃមេឃ ហើយនៅក្នុងប្រទេស​កម្ពុជាយើង ក៏អាចនឹងទស្សនាឃើញ​ផងដែរ៕