(ហ្សាការតា)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីជម្រៅរាក់មួយ កម្រិត ៦.៩រ៉ិចទ័រ ដែលបានវាយប្រហារកោះ លុមបុក (Lombok) ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីបានកើនដល់ ១៣១នាក់ហើយ ខណៈប្រជាជនឥណ្ឌូណេស៊ីប្រហែល ១៥៦,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីលំនៅរបស់របស់ពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
បើតាមការឲ្យដឹងពីអាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃពុធនេះ គ្រោះរញ្ជួយដីខាងលើ ដែលបានកើតមានឡើងកាលពីថ្ងៃអាទិត្យ បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងតិច ១៣១នាក់ និងបានបង្កភាពវឹកវរជាខ្លាំងដល់ប្រជាជនរស់នៅក្នុងតំបន់ ព្រមទាំងភ្ញៀវទេសចរ ខណៈកាលពីមួយសប្តាហ៍មុនកោះទេសចរណ៍ Lombok ដែលមានមនុស្សរស់នៅជាង ០៣លាននាក់នេះ ទើបតែបានទទួលរងការវាយលុកដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយផ្សេងទៀត ដែលបានសម្លាប់ជីវិតមនុស្ស ១៧នាក់ ហើយប៉ុណ្ណោះ។
គួរជម្រាបថា ក្រៅពីនេះមនុស្សប្រមាណ ១,៤៧៧នាក់ ក៏បានរងរបួសផងដែរ ដោយសារគ្រោះរញ្ជួយផែនដីកាលពីថ្ងៃអាទិត្យ រួមជាមួយផ្ទះសម្បែងរាប់ម៉ឺនខ្នង បានទទួលរងការខូចខាត ហើយហេតុការណ៍នេះ ក៏បានបង្ខំឲ្យអ្នកទេសចររាប់ពាន់នាក់ ដែលភាគច្រើនមកពីបរទេសធ្វើការជម្លៀសខ្លួន ជាបន្ទាន់ចេញពីប្រជុំកោះជីលី (Gili) ដែលនៅក្បែរកោះ Lombok ផងដែរ។
ទន្ទឹមនឹងនេះក៏មានការភ័យព្រួយថែមទៀតផង ចំនួនមនុស្សស្លាប់នឹងបន្តកើនឡើង ដោយក្រុមជួយសង្រ្គោះកំពុងប្រើគ្រឿងយន្ត គាស់កកាយគំនរដួលរលំនៃផ្ទះសម្បែង សាលារៀន និងព្រះវិហារជាមួយក្តីសង្ឃឹមកាន់តែតិចទៅៗនៃការតាមស្វែងរកជនដែលនៅរស់រានមានជីវិត៕