(ហារារ៉េ)៖ មេដឹកនាំចលនា​ប្រឆាំងមួយនៅប្រទេស​ហ្ស៊ីមបាវ៉េ ដែលមាន​ឈ្មោះថា MDC គឺលោក ធិនដៃ ប៊ីទី (Tendai Biti) ត្រូវបានចាប់ខ្លួន​ហើយនៅថ្ងៃពុធនេះ នៅតំបន់ព្រំដែន ជីរ៉ាន់ឌូ (Chirundu) នៃប្រទេសអាហ្វ្រិក​ខាងត្បូង​មួយនេះ ក្រោយពីលោក​បានព្យាយាម​រត់គេចខ្លួន​ ទៅកាន់ប្រទេសជិតខាងមួយ​គឺហ្សាំប៊ី (Zambia)។ នេះបើតាម​ការ​​ចេញ​ផ្សាយ​​​ដោយ ទីភ្នាក់ងារព័ត៌មាន​​ចិន​ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។

មេធាវីរបស់មេដឹកនាំ​ក្រុមប្រឆាំងខាងលើនេះ ទើបតែបានបញ្ជាក់​ប្រាប់អ្នកសារព័ត៌មាន​នៅក្នុង​តំបន់ថា លោក Tendai ពិតជាត្រូវ​បានចាប់ និងឃុំខ្លួនពិតមែន​នៅតំបន់​ព្រំដែនរវាង​ប្រទេសហ្ស៊ីមបាវ៉េ និងហ្សាំប៊ី។ ការចាប់ខ្លួនមេបក្ស​ប្រឆាំងរូបនេះ គឺបាន​កើតមាន​ឡើងក្រោយពីមេដឹកនាំចលនា​ប្រឆាំង​ប្រមាណ ០៨រូប ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួនកាលពី​ថ្ងៃចន្ទ ដែលពួកគេទាំងនេះ​ត្រូវបានរដ្ឋាភិបាល​ហ្ស៊ីមបាវ៉េចោទ​ប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា​នៅកណ្តាលរដ្ឋធានី​ហារារ៉េ (Harare) កាលពី​សប្តាហ៍មុន​ដែលបានសម្លាប់​មនុស្ស ០៦នាក់ និងបង្ករបួស​មួយចំនួន​ទៀត។

គួរបញ្ជាក់ថា បន្ថែមពីការ​ចាប់ខ្លួនមេចលនា​ប្រឆាំង ក្រុមជនសង្ស័យ​សរុប ២៧នាក់ ផ្សេងទៀត​ក៏ត្រូវបានចាប់ខ្លួន​ផងដែរ។ ក្រុមចលនា​ប្រឆាំង MDC បានប្រកាស​ជំទាស់​ទៅនឹងលទ្ធផលបោះឆ្នោត​កាលពីថ្ងៃទី៣០ ខែកក្កដា ដែលគណបក្ស​កាន់អំណាច​របស់ប្រធានាធិបតី​បច្ចុប្បន្នរបស់លោក​ប្រធានាធិបតី អ៊ែមមឺសុន ម៉ាណាងហ្គាវ៉ា គឺជាអ្នកឈ្នះ៕