(រីយ៉ាដ)៖ រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត បានឈានដល់ការលុបចោល​រាល់កម្មវិធីព្យាបាលទាំងអស់​ក្នុងប្រទេស​កាណាដា និងកំពុង​សម្រប​សម្រួល​ផ្ទេរអ្នកជំងឺ​ជាជនជាតិ​អារ៉ាប៊ីសាអូឌីត​ ចេញពីប្រទេស​ក្នុងតំបន់អាមេរិក​ខាងជើង​មួយនេះ​ផងដែរ។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់​ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។

ព័ត៌មានខាងលើ​ត្រូវបានបញ្ជាក់​ដោយ លោក​វេជ្ជបណ្ឌិត ហ្វាដ ប៊ីន អ៊ីប្រាហ៊ីម អាល់ តាមីមី (Fahd bin Ibrahim Al Tamimi) ដែលជាមន្ត្រីសុខាភិបាល​​អារ៉ាប៊ីសាអូឌីត​ម្នាក់ទទួលបន្ទុកប្រចាំ​ការនៅសហរដ្ឋអាមេរិក និងកាណាដា។ ម្យ៉ាងវិញទៀត ការសម្រេចចិត្ត​នេះទៀតសោត ធ្វើឡើងនៅ​ចំពេល​អារ៉ាប៊ីសាអូឌីត និងកាណាដា កំពុងមានជម្លោះ​ការទូតនឹងគ្នា បន្ទាប់ពីទីក្រុង​រីយ៉ាដ​បានសម្រេចចិត្ត​បណ្ដេញអគ្គរដ្ឋទូត​កាណាដាចេញ​ពីប្រទេស ព្រមទាំងផ្អាក​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ថ្មី លុបជើង​ហោះហើរ និងកម្មវិធី​អាហារូបករណ៍ជាមួយកាណាដា​ទៀតផង។

គួរបញ្ជាក់ថា ជម្លោះការទូត​រវាងកាណាដា និងអារ៉ាប៊ីសាអូឌីត​បានផ្ទុះឡើង​ក្រោយរដ្ឋាភិបាល​ទីក្រុងអូតតាវ៉ា រិះគន់លើ​អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត ជុំវិញការចាប់​ខ្លួនសកម្មជន​ការពារសិទ្ធិ​មនុស្ស និងសិទ្ធិស្ត្រី ហើយដែល​ការរិះគន់នេះត្រូវ​បានទីក្រុង​រីយ៉ាដចាត់ទុកថា ជាការលូកដៃចូល​កិច្ចកិច្ចផ្ទៃក្នុងរបស់​ខ្លួន៕