(លីប៊ី)៖ អ្នកនាំពាក្យកងទ័ពជាតិលីប៊ី ដែលហៅកាត់ LNA បានលើកឡើងអំពីដំណោះស្រាយនៃវិបត្តិនៅក្នុងប្រទេសលីប៊ី ដោយចង់ទាមទារឲ្យមានការចូលរួមពាក់ព័ន្ធដោយផ្ទាល់ពីសំណាក់ប្រទេសរុស្ស៊ី ព្រមទាំងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យ LNA លោក អាម៉េដ មីលស្មារីល (Ahmed MIsmari) បាននិយាយដូច្នេះថា «បញ្ហាលីប៊ីក៏ត្រូវបានការលូកដៃពីរុស្ស៊ី និងលោក ពូទីន ផ្ទាល់តែម្តងផងដែរ ដោយកិច្ចការទូតនៃប្រទេសរុស្ស៊ី អាចដើរតួនាទីដ៏សំខាន់មួយនៅក្នុងបញ្ហានេះ»។ កងកម្លាំង LNA បានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ ខណៈលោក ខាលីហ្វា ហាហ្វាតា (Khalifa Haftar) ដែលជាមេបញ្ជាការកំពូលរបស់ LNA ធ្លាប់បានធ្វើដំណើរទស្សនកិច្ចប៉ុន្មានលើក ដើម្បីរក្សាកិច្ចសន្ទនាជាមួយក្រុមមន្រ្តីរុស្ស៊ី។
គួរជម្រាបថា លីប៊ីបានបន្តស្ថិតក្រោមការហែកហួរនៃសង្រ្គាមស៊ីវិល ចាប់តាំងតែពីការបាត់បង់ជីវិតរបស់អតីតមេដឹកនាំ លោក Muammar Gaddafi កាលពីឆ្នាំ២០១១។ បច្ចុប្បន្នមានក្រុមអង្គភាពធំៗចំនួន ០២ ដែលកំពុងគ្រប់គ្រង និងដឹកនាំប្រទេសលីប៊ី ដោយក្នុងនោះរួមមានសភាលីប៊ី គាំទ្រដោយ LNA ដែលមានទីស្នាក់ការនៅក្រុង តូប្រ៊ូក (Tobruk) ភាគខាងកើត និងរដ្ឋាភិបាល GNA ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដែលបង្កើតឡើងកាលពីឆ្នាំ២០១៥ និងមានទីស្នាក់ការនៅភាគខាងលិចប្រទេស៕