(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) នាថ្ងៃពុធនេះបានរងបទបោទប្រកាន់ចំនួន ០៣ករណីទៀត ទាក់ទិននឹងការលាងលុយកខ្វក់បន្ថែមពីលើការចោទប្រកាន់មួយចំនួនកាលពីខែកក្កដា ដែលពាក់ព័ន្ធនឹងការរំលោភលើទំនុកចិត្ត និងអំពើពុករលួយ ដែលធ្វើឲ្យលោកកាន់តែទទួលរងការប្រឈមមុខធ្ងន់ធ្ងរបន្ថែមទៀតចំពោះមុខការកាត់ក្តីពីតុលាការ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ធ្លាប់បានឲ្យដឹងថា រាល់ការចោទប្រកាន់ទាំងអស់ សុទ្ធតែទាក់ទងនឹងរឿងលុយប្រមាណ ១០.៣លានដុល្លារ ដែលត្រូវបានផ្ទេរទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក Najin ដោយអង្គការ SRC Internation ដែលធ្លាប់ជាផ្នែកមួយនៃមូលនិធិរដ្ឋ 1MDB។
រដ្ឋអាជ្ញាម៉ាឡេស៊ីបានបញ្ជាក់ថា ថវិកាជាង១០លានដុល្លារនេះ គឺបានមកពីសកម្មភាពមិនស្របច្បាប់ ហើយក្នុងចំណោមបទចោទប្រកាន់ទាំង ០៣ នីមួយៗមានទម្ងន់ទោសជាអតិបរមា១៥ឆ្នាំ ក្នុងពន្ធនាគារ ព្រមទាំងការពិន័យជាទឹកប្រាក់ស្មើនឹងលុយខុសច្បាប់ដែលទទួលបានដល់ទៅ ០៥ដង។ ចំណែកបទចោទប្រកាន់ ដែលបានធ្វើឡើងកាលពីខែមុនប្រឆាំងនឹងអតីតមេដឹកនាំវ័យ ៦៥ឆ្នាំនេះ ក៏មានជាប់ទាក់ទិននឹង SRC International ផងដែរ។
គួរជម្រាបថា មូលនិធិ 1MDB ត្រូវបានបង្កើតឡើងដោយលោក Najib កាលពីឆ្នាំ២០០៩ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចម៉ាឡេស៊ី ប៉ុន្តែក្រោយមកមានសេចក្តីរាយការណ៍ថា លុយរាប់ពាន់លានដុល្លារនៅក្នុងនោះ ត្រូវបានកឹបកេង និងប្រើប្រាស់ដោយមិនត្រឹមត្រូវ។ លោក Najib បានស្ថិតក្រោមការស៊ើបអង្កេតទាក់ទិននឹងមូលនិធិ 1MDB ចាប់តាំងតែពីលោកបានចាញ់ឆ្នោតកាលពីខែឧសភា ប៉ុន្តែបានច្រានចោលការចោទប្រកាន់ទាំងអស់។
នៅក្រោយការបោះឆ្នោត នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបច្ចុប្បន្នលោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) បានបង្កើនការប្រឹងប្រែងជាខ្លាំង ដើម្បីស៊ើបអង្កេតករណីនេះ។ កាលពីម្សិលមិញនេះ កប៉ាល់ប្រណិតតម្លៃ ២៥០លានដុល្លារមួយគ្រឿង ដែលយកលុយលួចចេញពីមូលនិធិ 1MBD ទៅទិញនោះ ក៏ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី ប្រគល់មកដល់ដៃអាជ្ញាធរម៉ាឡេស៊ីវិញផងដែរ៕