(ចិន)៖ ក្រោយពីបង្ហាញវត្តមាននៅលើផ្សារហ៊ុន កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនលក់ទំនិញបញ្ចុះតម្លៃតាមអនឡាញរបស់ចិន ឈ្មោះថា ភីនទ័រទ័រ (Pinduoduo) បានរងការចោទប្រកាន់ថា ផលិតផលខ្លះដែលបានដាក់លក់ នៅលើវេបសាយរបស់ខ្លួន គឺជាទំនិញក្លែងក្លាយ ឬមានគុណភាពទាបជាងស្តង់ដា។

កាលពីថ្ងៃពុធកន្លងទៅ រដ្ឋបាលនិយ័តកម្មទីផ្សារនៃរដ្ឋចិនបានឱ្យដឹងថា ខ្លួនកំពុងស្នើឱ្យមានការស៊ើបអង្កេតមួយ អំពីការលក់ទំនិញក្លែងក្លាយ ដែលបំពានកម្មសិទ្ធិបញ្ញា នៅលើវេបសាយ ភីនទ័រទ័រ (Pinduoduo)។

អ្នកនាង ស៊ែនឌី សឹន នាយកផ្នែកស្រាវជ្រាវ ក្រុមហ៊ុន Gartner បាននិយាយថា «រឿងនេះ នឹងកំណត់ថាតើក្បួនធ្វើអាជីវកម្មរបស់ក្រុមហ៊ុននេះ នឹងជោគជ័យឬបរាជ័យ ពីព្រោះគេមិនអាចបន្តទៅមុខទាំងបែបនេះទេ ជាពិសេសនៅពេលដែលគេ គឺជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំបែបនេះ»

ដោយចាប់ផ្តើមអាជីវកម្មដំបូង កាលពីជិត៣ឆ្នាំមុន ក្រុមហ៊ុន ភីនទ័រទ័រ នៅឆ្នាំនេះ បានប្រមូលថវិកាជាង១៦០០លានដុល្លារអាមេរិក តាមរយៈចូលផ្សារហ៊ុន។ ក្រុមហ៊ុនភីនទ័រទ័រ ច្របាច់បញ្ចូលគ្នារវាងសេវាទិញទំនិញតាមអនឡាញ និងសេវាបណ្តាញសង្គម ដោយអ្នកប្រើប្រាស់ត្រូវអញ្ជើញមិត្តភក្តិឱ្យ មកចូលរួមជាក្រុមអ្នកទិញទំនិញ ដើម្បីទទួលបានការបញ្ចុះតម្លៃលើផលិតផល។ ក្បួនអាជីវកម្មនេះ បានជួយឱ្យក្រុមហ៊ុន ភីនទ័រទ័រ ទាក់ទាញអ្នកប្រើប្រាស់បានជាង៣០០លាននាក់។

អ្នកជំនាញផ្នែកច្បាប់ លោក លាវ យៀក បាននិយាយថា តម្លៃទំនិញធូរថ្លៃ គឺជាកត្តាទាក់ទាញដ៏សំខាន់។ ប៉ុន្តែនៅពេលដែលគេពិនិត្យមើលផលិតផលមួយចំនួន ឱ្យស៊ីជម្រៅទៅគេរកឃើញថា មានចំនុចខ្លះៗដែលក្រុមហ៊ុននេះ ប្រហែលជាបានអនុញ្ញាតឱ្យផលិតផលក្លែងបន្លំ អាចដាក់លក់នៅលើវេបសាយរបស់ខ្លួនបាន។

ជាឧទាហរណ៍ សាប៊ូបោកខោអាវម៉ាក ធីដូរ (Tido) មានឡូហ្គោដែលស្រដៀងទៅនឹងសាប៊ូរបស់អាមេរិកឈ្មោះថា ថាយដ៍ (Tide)។

លោក លាវ យៀក អ្នកជំនាញផ្នែកច្បាប់ ក្រុមហ៊ុនច្បាប់ប៉េកាំងតាឈី និយាយថា «បើសិនជាការរចនាសំបកផលិតផល បានទទួលប៉ាតង់ វាអាចជាការបំពានលើសិទ្ធិកាន់កាប់ប៉ាតង់។ វាក៏មានសណ្ឋានធ្ងន់ធ្ងរល្មម ដែលអាចបំពាន ច្បាប់ស្តីពីការប្រឆាំងនឹងការប្រកួតប្រជែងដែលមិនស្មើភាព ដោយគេបញ្ឆោតអតិថិជនឱ្យជឿថា អតិថិជនកំពុងទិញផលិតផលដែលមានឈ្មោះល្បី»

ក្រុមហ៊ុននេះបាននិយាយថា ខ្លួនមានបំណងចង់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ តាមរយៈការផ្តល់ផលិតផល ដែលមានគុណភាពមធ្យម ជូនដល់អ្នកទិញដែលមានប្រាក់ចំនូលទាប និងជនចាស់ជរា ព្រមទាំងអតិថិជនដែលសាញនឹងរឿងតម្លៃ ដែលរស់នៅតាមទីក្រុងតូចៗ និងទីជនបទនានា ក្នុងប្រទេសចិន។

លោក លាវ យៀក និយាយទៀតថា «បើនិយាយអំពីផលិតផលក្លែងក្លាយ និងមានគុណភាពទាប ខ្ញុំគិតថា អ្នកដែលត្រូវទទួលខុសត្រូវ គឺភាគីអ្នកលក់ដែលជាភាគីទីបីឯណោះទេ។ ក្រុមហ៊ុន ភីនទ័រទ័រ មិនមែនជាអ្នកទទួលខុសត្រូវក្នុងរឿងនេះទេ។ ប៉ុន្តែក្រុមហ៊ុននេះ មានកាតព្វកិច្ចផ្នែកច្បាប់ ដើម្បីសហការជាមួយនិយ័តករក្នុងការស៊ើបអង្កេត និងដកផលិតផលមួយចំនួនចេញពីវេបសាយរបស់ខ្លួន ទៅតាមការចាំបាច់»

ដោយសារត្រូវបានចុះបញ្ជីក្នុងផ្សារហ៊ុនសាធារណៈ ក្រុមហ៊ុននេះមានសម្ពាធមួយ ដែលតម្រូវឱ្យគេចាត់វិធានការដោះស្រាយបញ្ហាទាំងនេះ។ នេះបើយោងតាមអ្នកនាង សឹន។

អ្នកនាង ស៊ែនឌី សឹន នាយកផ្នែកស្រាវជ្រាវ ក្រុមហ៊ុន Gartner និយាយថា «ឥឡូវនេះ គេគឺជាក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងទីផ្សារអាមេរិក ជាកន្លែងដែលគេគិតគូរម៉ត់ចត់ខ្លាំងណាស់អំពីរឿងអស់ទាំងនេះ។ ហើយមនុស្សម្នាទាំងឡាយ កំពុងតាមដានក្រុមហ៊ុននេះយ៉ាងដិតដល់តែម្តង។ ហេតុនេះហើយបានជា ការដែលចុះបញ្ជីក្នុងទីផ្សារសាធារណៈ នឹងដាក់សម្ពាធកាន់តែខ្លាំង ព្រមទាំងធ្វើឱ្យក្រុមហ៊ុនត្រូវធ្វើអ្វីមួយ ដើម្បីកែតម្រូវបញ្ហានេះ»

ក្រុមហ៊ុន ភីនទ័រទ័រ បានប្រកាសប្តេជ្ញា នៅក្នុងសេចក្តីប្រកាសតាមអនឡាញមួយថា ខ្លួននឹង «កែតម្រូវព្រមទាំងកែទម្រង់» អាជីវកម្មរបស់ខ្លួន៕ (សារព័ត៌មាន CCTV របស់ចិន)