(អាមេរិក)៖ នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ និងនៅពេលរំលងអធ្រាតឆ្លងចូលថ្ងៃចន្ទសប្តាហ៍ក្រោយ បាតុភូតទេពច្យុត (Meteor Shower) ដ៏ល្បីឈ្មោះមួយនឹងកើតមានឡើងលើផ្ទៃមេឃ ហើយនៅក្នុងប្រទេសកម្ពុជាយើង ក៏អាចនឹងទស្សនាឃើញផងដែរ។ នេះបើតាមដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
ទេពច្យុតឈ្មោះថា Perseid Meteor Shower នឹងអាចត្រូវមើលឃើញលើផ្ទៃមេឃ ចាប់ពីវេលាយប់ថ្ងៃអាទិត្យខាងមុខនេះ រហូតឈានចូលដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ដែលជាពេលវាបញ្ចេញអាចម៍ផ្កាយច្រើនជាងគេប្រចាំឆ្នាំ។ សម្រាប់ម៉ោង Perseid Meteor Shower នឹងបង្ហាញទស្សនីយភាពបានល្អបំផុតនោះ គឺចាប់ពីម៉ោងប្រមាណជា ១០៖៣០នាទីយប់ថ្ងៃអាទិត្យរហូតដល់ម៉ោង ០៥៖០០នាទីទាបភ្លឺថ្ងៃចន្ទ។
នាពេលកំណត់ខាងមុខនេះ ទេពច្យុត Perseid នឹងបញ្ចេញអាចម៍ផ្កាយដែលមានកន្ទុយពី ៦០ដុំ ទៅ ៧០ដុំ ក្នុងមួយម៉ោង តិចជាងឆ្នាំមុនៗដែលអាចមានរហូតដល់ ២០០ដុំឯណោះ។ ការបង្ហាញនេះ នឹងក្លាយជាទិដ្ឋភាពអស្ចារ្យប្រៀបបីដូចជាគ្រាប់ពេជ្ររំលេចកន្ទុយ សំយ៉ុងចុះជាខ្សែមកលើបរិយាកាសផែនដី រួចក៏រលាយបាត់ស្រមោល ដែលវានឹងមិនបង្កផលប៉ះពាល់អ្វីនោះឡើយ មកដល់ជីវិតនៅលើភពផែនដី។
គួរជម្រាបថា បាតុភូតទេពច្យុតដ៏ល្បីឈ្មោះខាងលើនេះ តែងតែកើតមានឡើងជារៀងរាល់រដូវក្តៅនៅអាមេរិក (Summer ចន្លោះខែកក្កដា និងខែកញ្ញា) នៅពេលភពផែនដីយើង គោចរឆ្លងកាត់ដាននៃកម្ទេចកម្ទីរ និងធូលី ដែលបន្សល់ទុកនៅក្នុងគន្លងផ្លូវធ្វើដំណើររបស់អាចម៍ផ្កាយយក្សឈ្មោះ Swift-Tuttle ដែលរមែងមកឆ្វែលកៀកផែនដីជារៀងរាល់ ១៣៣ឆ្នាំម្តង នៅក្នុងដំណើរជុំវិញព្រះអាទិត្យរបស់វាជាមួយល្បឿនធ្វើដំណើរ ៥៩គីឡូម៉ែត្រក្នុងមួយវិនាទី។
ដោយឡែកគេហៅវានេះថា Perseid Meteor Shower គឺដោយសារតែកញ្ចុំផ្កាយឈ្មោះ Perseid ហាក់ដូចជាប្រភពនៃទេពច្យុតនេះបង្ហាញខ្លួនចេញមកនៅលើផ្ទៃមេឃ។ Swift-Tuttle មិនមែនជាអាចម៍ផ្កាយតែមួយនោះឡើយ ដែលតែងតែបង្កឲ្យមានភ្លៀងអាចម៍ផ្កាយលើផែនដី។ «សូមបញ្ជាក់ថា ទាល់តែផ្ទៃមេឃស្រឡះស្អាត និងគ្មានពពកសោះតែម្តង ទើបអាចមើលឃើញបាតុភូតធម្មជាតិដ៏កម្រនេះបាន»៕