(កូឡុំប៊ី)៖ ប្រធានាធិបតីជាប់ឆ្នោតលោក អ៊ីរ៉ាន ឌូកេ (Iván Duque) បានស្បថចូលកាន់ដំណែងជាផ្លូវការហើយ ក្នុងនាមជាប្រធានាធិបតីទី ៦០ របស់ប្រទេសកូឡុំប៊ីនៅថ្ងៃអង្គារសប្ដាហ៍ (ពេលវេលានៅក្នុងតំបន់អាមេរិកខាងត្បូង)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងពិធីស្បថកាន់តំណែង ក្រោយឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែមិថុនា លោក Duque បានអះអាងថា លោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អំពើពុករលួយ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ព្រមទាំងសន្យាផងដែរថា នឹងផ្លាស់ប្ដូរ កិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាម Farc។
ពិធីស្បថកាន់ដំណែងរបស់អតីតមេធាវីវ័យ ៤២ឆ្នាំ រូបនេះបានប្រព្រឹត្តទៅក្រោម ការដាក់ពង្រាយកងកម្លាំងច្រើនជាង ១២,០០០នាក់ នៅក្នុងរដ្ឋធានី បូហ្គោតា (Bogota) ជាទីដែលអាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី បានហាមឃាត់ការបង្ហោះយន្ដហោះដ្រូន បន្ទាប់ពីមានការវាយប្រហារដោយយន្ដហោះដ្រូន ប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា កាលពីចុងសប្ដាហ៍កន្លងទៅ។
គួរបញ្ជាក់ថា ការឡើងស្បថកាន់តំណែងជាប្រធានាធិបតីកូឡុំប៊ីថ្មីលោក Iván Duque ធ្វើឡើងនៅចំពេលកូឡុំប៊ីកំពុងមានភាពតានតឹង ជាមួយអ្នកជិតខាងរបស់ខ្លួននោះគឺវេណេស៊ុយអេឡា បន្ទាប់ពីលោក នីកូឡាស់ ម៉ាឌូរ៉ូ ចោទប្រកាន់ថាប្រធានាធិបតីផុតអាណត្តិកូឡុំប៊ី លោក ហ័ន ម៉ានុយអែល សាន់តូស ជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក។ មិនតែប៉ុណ្ណោះលោក ម៉ាឌូរ៉ូ ថែមទាំង សន្យាទៀតផងថា នឹងបញ្ចេញភស្ដុតាងក្នុងពេលឆាប់ៗនេះបើទោះជាលោក សាន់តូស បដិសេធការចោទប្រកាន់ទាំងនេះក៏ដោយ៕