(កូឡ៊ុប៊ី)៖ ​អតីតមេបញ្ជាការប៉ូលិសក្រុងមួយរបស់វេណេស៊ុយអេឡា និងជាសកម្មជន​ប្រឆាំងរដ្ឋាភិបាល​ម្នាក់​បាននិយាយថា លោកបានជួយ​រៀបចំប្រតិបត្តិការ​វាយប្រហារដោយ​យន្ដហោះដ្រូនបំពាក់​គ្រឿងផ្ទុះ នៅអំឡុង​ព្យុហយាត្រាយោធា​ក្នុងទីក្រុង​​ការ៉ាកាស់ កាលពីថ្ងៃអាទិត្យ​ចុងសប្ដាហ៍​ទៅ ដែល​លោក នីកូឡាស់ ម៉ាឌូរ៉ូ ហៅថា​ជាការប៉ុនប៉ងធ្វើ​ឃាត។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងបទសម្ភាសន៍​ជាមួយ Reuters លោក សាល់វ៉ាតូរ៉េ ឡាក់ឈែស (Salvatore Lucchese) ជាសកម្មជនម្នាក់​ដែលធ្លាប់ជាប់​ពន្ធនាគារ និងកំពុងរស់នៅ​ក្នុងប្រទេស​កូឡុំប៊ី​បានអះអាងថា លោកគឺជាអ្នករៀបចំការ​វាយប្រហារប្រឆាំង​នឹងលោក ម៉ាឌូរ៉ូ ដោយមានជំនួយ​ពីក្រុមប្រឆាំង រដ្ឋាភិបាលមួយ​មានឈ្មោះ «resistance» ឬ «ចលនាតស៊ូ» ដែលប្រមូលផ្ដុំទៅ​ដោយ​ក្រុមនិស្សិត អតីតមន្ត្រីយោធា និងសកម្មជន រៀបចំបាតុកម្ម​តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល​ទីក្រុងការ៉ាកាស់ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។

តែទោះជាយ៉ាងណាក៏ដោយ លោក Lucchese មិនបានបញ្ជាក់លម្អិត​ពីតួនាទីរបស់លោក និងពីអ្នកពាក់ព័ន្ធ​ដទៃទៀតនោះទេ ដើម្បីការពារអត្តសញ្ញាណ​របស់​អ្នកទាំងនេះ រីខាងរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ក៏មិនទាន់បញ្ចេញ​ប្រតិកម្មអ្វី​នោះដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា លោកមានភស្ដុតាង​ដែលអាច​បញ្ជាក់ថា រដ្ឋាភិបាល​កូឡុំប៊ីមានជាប់ពាក់ព័ន្ធនឹង​ការប៉ុនប៉ងធ្វើឃាត​រូបលោក ហើយសន្យាថា នឹងបញ្ចេញភស្តុតាង​ទាំងនេះក្នុងពេលឆាប់ៗ​នេះ។ លោក ម៉ាឌូរ៉ូ ថ្លែងបែបនេះ​កាលពី​ថ្ងៃអង្គារ នៅលើ Twitter ក្រោយប៉ូលិស​វេណេស៊ុយអេឡា​ចាប់បានជន​សង្ស័យ ០៦នាក់៕