(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មលើបណ្ដាប្រទេស និងក្រុមហ៊ុនទាំងឡាយ ណាដែលហ៊ានបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ក្រោយការដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹង ទីក្រុងតេហេរ៉ង់ចូលជាធរមាននៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការព្រមានបែបនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានបង្ហាញពីការសោកស្ដាយ ក៏ដូចជាប្រកាសថា នឹងចាត់ វិធានការការពារផលប្រយោជន៍ក្រុមហ៊ុនអឺរ៉ុប ដែលកំពុងរកស៊ីដោយស្របច្បាប់នៅក្នុងប្រទេសអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់លើ Twitter នៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «ប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ គឺមានន័យស្មើថា ពួកគេមិនចង់ធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកតទៅទៀត»។
គួរបញ្ជាក់ថា ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃអង្គារសបា្ដហ៍នេះ គឺមានគោលដៅទៅលើឧស្សាហកម្មរថយន្ដ ហិរញ្ញវត្ថុ ការនាំចេញវត្ថុធាតុដើម ព្រមទាំងពាណិជ្ជកម្មអាកាសចរណ៍ស៊ីវិលជាដើម។ ប៉ុន្តែទន្ទឹមគ្នាបើទោះជាលោក ដូណាល់ ត្រំា ថាសហរដ្ឋអាមេរិកនៅតែបើកចំហទ្វារចរចាក៏ដោយ ក៏ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានអះអាងថា អ៊ីរ៉ង់នឹងមិនចរចាជាមួយទីក្រុងវ៉ាស៊ីនតោនជាដាច់ខាត ស្របពេលដែលខ្លួនកំពុងជាប់ទណ្ឌកម្មនេះ៕