News Update: មនុស្សស្លាប់កើនដល់១០៥នាក់ ក្រោយគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី
07-08-2018 19:51
(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់បានកើនដល់១០៥នាក់ បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត ៧.០រ៉ិចទ័រ វាយប្រហារលើកោះទេសចរណ៍ដ៏ល្បី លុមបុក (Lombok) ស្ថិតនៅភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ២៣៦នាក់ទៀតបានរងរបួស ដោយសារតែគ្រោះរញ្ជួយកម្រិត ៧.០រ៉ិចទ័រនេះ ដែលបាន កើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយគ្រោះរញ្ជួយដីមួយផ្សេងទៀតបានផ្ដាច់ជីវិត មនុស្ស១៦នាក់ នៅលើកោះលុមបុក (Lombok) ដដែលនេះ។ លើសពីនេះទៅទៀត អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជាកដែរថា ភ្ញៀវទេសចរច្រើនជាង ៤,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីកោះ Gili ស្ថិតនៅក្បែរកោះលុមបុក ទៅកាន់កន្លែងមានសុវត្ថិភាព។
គួរជម្រាបថា បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើមានឥទ្ធិពល ៧.០រ៉ិចទ័រ និងមាន ជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ គ្រោះរញ្ជួយដីតែងកើតមានឡើងជាញឹកញាប់ នៅប្រទេសអាស៊ានមួយនេះ គឺដោយសារតែឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្ត ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង ដែលគេហៅថា Pacific Ring of Fire ដែលមាន សណ្ឋានដីងាយរងគ្រោះធម្មជាតិខ្លាំងជាងគេលើផែនដីដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាដើម៕