(ប៉េកាំង)៖ ចំពោះការអះអាងរបស់អាមេរិកនាពេលថ្មីៗនេះដែលថា ខ្លួនគ្រោងនឹងដំឡើងអត្រាពន្ធគយពីចំនួន ១០% ឲ្យកើនដល់ទៅចំនួន ២៥% ទៅលើផលិតផលដែលនាំចូលពីប្រទេសចិន ដែលមានទឹកប្រាក់ប្រហែល ២សែនលានដុល្លាអាមេរិក (២០០ពាន់លានដុល្លារ) នៅយប់ថ្ងៃទី០៣ ខែសីហា គណៈកម្មាធិការពន្ធគយ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានសម្រេចចិត្តថា នឹងបន្ថែមការយកពន្ធទៅលើផលិតផលនាំចូលពីអាមេរិក ដែលមានទឹកប្រាក់ប្រហែល ៦០ពាន់លានដុល្លារអាមេរិក តាមអត្រាពន្ធខុសៗគ្នាចំនួន ០៤កម្រិតជាក់ស្តែងគឺ ២៥% ២០%, ១០% និង ៥% ហើយកាលបរិច្ឆេទនៃការអនុវត្តវិធានការការប្រមូលពន្ធ នឹងត្រូវអនុវត្តន៍ទៅតាមសកម្មភាពរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា វិធានការឆ្លើយតបនៃអត្រាពន្ធ ដែលមានកម្រិតខុសគ្នារបស់ភាគីចិន គឺអនុម័តដោយសមហេតុផល និងមានការអត់ធ្មត់ ប្រទេសចិននឹងរក្សាសិទ្ធិ ក្នុងការបន្តដាក់វិធានការឆ្លើយតបផ្សេងៗទៀត តាមសកម្មភាពរបស់សហរដ្ឋអាមេរិក។
ការដែលប្រទេសចិនចាត់វិធានការឆ្លើយតប គឺដោយសារត្រូវបានគេបង្ខំ។ សកម្មភាពបង្កើនភាពតានតឹង ម្តងហើយម្តងទៀតរបស់អាមេរិក ធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍របស់ប្រទេសចិន និងប្រជាជនចិន យោងតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ប្រទេសចិនត្រូវបានបង្ខំឲ្យចាត់វិធានការឆ្លើយតប ដើម្បីទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងដើម្បីគាំពារពាណិជ្ជកម្មសេរី គាំពារយន្តការពហុភាគី ក៏ដូចជាគាំពារផលប្រយោជន៍រួម នៃបណ្តាប្រទេសទូទាំងពិភពលោក។
* ទីមួយ៖ ភាគីចិនមិនចង់ប្រកួតនឹងឥរិយាបថ មិនសមហេតុផលរបស់ភាគីអាមេរិកទេ។ ក្នុងភ្នែករបស់រដ្ឋាភិបាលលោក ត្រាំ មានតែសំឡេងឆ្នោតប៉ុណ្ណោះ ដូច្នេះលោកសុខចិត្តធ្វើឲ្យពិភពលោកទាំងមូល និងប្រទេសផ្ទាល់ខ្លួនឈឺចាប់។ ផ្ទុយទៅវិញ រដ្ឋាភិបាលចិនប្រកាន់ខ្ជាប់នូវការចាត់ទុក សុខុមាលភាពរបស់ប្រជាជនជាស្នូល, ស្តាប់មតិយោបល់យ៉ាងទូលំទូលាយ និងធ្វើការវាយតម្លៃផលប៉ះពាល់ដោយប្រុងប្រយ័ត្ន ដូច្នេះទើបបានជាចិនអនុវត្តន៍វិធានការឆ្លើយតប ដ៏សមហេតុផល និងដោយភាពអត់ធ្មត់ ដែលកំណត់អត្រាពន្ធជា ០៤កម្រិត ដូចខាងលើនេះ។
* ទីពីរ៖ ភាគីចិនបន្ថែមយកពន្ធគយខុសគ្នា ទៅលើផលិតផលអាមេរិកដែលមានទឹកប្រាក់ ៦០ពាន់លានដុល្លារអាមេរិក គឺក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ ចំពោះសហគ្រាសចិន និងជីវភាពប្រជាជនចិន ព្រមទាំងបានបង្ហាញពីភាពបត់បែននៃវិធានការឆ្លើយតប ។ មិនថាភាគីអាមេរិកធ្វើទង្វើយ៉ាងណាក៏ដោយ ភាគីចិនសុទ្ធតែបានត្រៀមយ៉ាងពេញលេញរួចហើយ ។
ប្រទេសចិនមានទីផ្សារក្នុងស្រុកដ៏ធំមួយ មានប្រៀបខាងរបបដែលប្រមូលកម្លាំងបំពេញកិច្ចការធំ និងមានយុទ្ធសាស្ត្របើកទូលាយ ចំពោះកិច្ចការក្រៅប្រទេសយ៉ាងម៉ឺងម៉ាត់ និងមិនងាករេ…។ល។ លក្ខណៈពិសេសទាំងនេះ ធ្វើឲ្យប្រទេសចិនមានសមត្ថភាព តទល់នឹងការវាយពីខាងក្រៅទាំងអស់។ ផ្ទុយទៅវិញ ផលប៉ះពាល់អវិជ្ជមាននៃនយោបាយការពារពាណិជ្ជកម្មឯកតោភាគីរបស់រដ្ឋាភិបាលលោក ត្រាំ កំពុងលេចចេញជាបន្តបន្ទាប់ ហើយបានធ្វើឲ្យមានសំឡេងប្រឆាំងកាន់តែលាន់ឮ ។
ម្ខាងគឺភាគីអាមេរិក ដែលមិនខ្វល់ពីផលប្រយោជន៍ប្រជាជន និងសហគ្រាស បោកបញ្ឆោតជ្រុល និងតំឡើងថ្នាក់សង្គ្រាមពាណិជ្ជកម្មឥតឈប់ឈរ ដោយគិតតែផលប្រយោជន៍ខ្លួនឯង ។ ម្ខាងទៀតគឺភាគីចិន ដែលពិតមែនតែត្រៀមរួចជាស្រេចហើយ តែដើម្បីកាត់បន្ថយឥទ្ធិពលលើប្រជាជន និងសហគ្រាសក្នុងកម្រិតធំបំផុត បានរក្សាភាពសមហេតុផល និងការអត់ធ្មត់ប្រកាន់ខ្ជាប់ការពិគ្រោះពិភាក្សា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មលើមូលដ្ឋានប្រកបដោយគោលការណ៍ ដែលគោរពគ្នា ស្មើភាពគ្នា និងមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។
សរុបសេចក្តីមក តួអង្គសេដ្ឋកិច្ចធំបំផុតទាំងពីរនេះ តើមួយណាធ្វើឲ្យមានលំនឹងសេដ្ឋកិច្ចពិភពលោក ហើយមួយណាជាអ្នកធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានភាពច្របូកច្របល់? ចម្លើយគឺច្បាស់លាស់ហើយ តាមរយៈការបកស្រាយប្រកបដោយហេតុផលជាក់ស្តែង និងមានភស្តុតាងគ្រប់ជ្រុងជ្រោយដូចខាងលើនេះ៕