(វៀងច័ន្ទ)៖ ចំនួនគ្រួសារអ្នកក្រីក្រអាចនឹងមានការកើនឡើងវិញនៅឆ្នាំ២០១៨នេះ ដោយសារតែគ្រោះទឹកជំនន់ ដែលបានវាយប្រហារនៅតាមតំបន់ជាច្រើននៃប្រទេសឡាវ ដោយបានឆក់យកជីវិតមនុស្ស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងបរិមាណយ៉ាងច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
ប្រជាជនឡាវរាប់ពាន់នាក់ ដែលនាពេលកន្លងទៅ បានងើបរួចផុតពីបន្ទាត់នៃភាពក្រីក្រនោះ អាចនឹងត្រូវចាត់ថ្នាក់ចូលជាគ្រួសារក្រីក្រវិញ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់ បានបំផ្លិចបំផ្លាញលំនៅឋាន ដីស្រែ-ចម្ការ ឃ្លាំងស្តុកអង្ករ សម្លៀកបំពាក់ រួមជាមួយទ្រព្យសម្បត្តិឯទៀតៗជាច្រើន។ បើតាមការបញ្ជាក់ពីប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជនបទឡាវ គ្រោះធម្មជាតិនេះប្រាកដណាស់ថាបាននិងកំពុងបង្កផលប៉ះពាល់ដល់កិច្ចប្រឹងប្រែងកាត់បន្ថយអត្រាភាពក្រីក្ររបស់រដ្ឋាភិបាល។
គួរជម្រាបថា នៅខេត្តអាត់តាពើ ភាគខាងត្បូងឡាវតែមួយកន្លែងប៉ុណ្ណោះ បានផ្តាច់ជីវិតមនុស្ស និងធ្វើឲ្យបាត់ខ្លួនជាច្រើន ខណៈភូមិមួយចំនួនបានរងការបំផ្លាញខ្ទេចខ្ទីរ។ គ្រោះទឹកជំនន់នៅទីនោះ ដែលបង្កឡើងពីការបាក់ទំនប់វារីអគ្គិសនី Xe Pian Xe Namnoy បានធ្វើឲ្យមនុស្សជាង ៦,០០០នាក់ បាត់បង់លំនៅឋាន និងទ្រព្យសម្បត្តិ។
ចំណែកនៅភាគកណ្តាលប្រទេសវិញមនុស្សជាង ៣០,០០០គ្រួសារ ក្នុងភូមិចំនួន ៣៧៨ ក្នុងស្រុកចំនួន ១០ នៃខេត្ត Khammouane បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលបានជន់លិចផ្ទះ និងដីស្រែរាប់ម៉ឺនហិកតា ខណៈនៅខេត្ត សុវណ្ណខេត្ត (Savannakhet) មនុស្សជិត ២១,០០០នាក់ ក្នុងភូមិប្រមាណ ៨៦ភូមិ បានទទួលរងផលប៉ះពាល់៕