(សេអ៊ូល)៖ កូរ៉េខាងជើងបានដោះលែងជនជាតិកូរ៉េខាងត្បូងម្នាក់ ឱ្យមានសេរីភាពឡើងវិញ តាមរយៈការបញ្ជូនរូបគេឱ្យអាជ្ញាធរទីក្រុងសេអ៊ូលវិញ នៅថ្ងៃអង្គារនេះ តាមរយៈតំបន់ព្រំដែនគ្មានយោធានៃភូមិ ផាន់មុនចុម (Panmunjom) រវាងកូរ៉េទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា បុរសជាជនជាតិកូរ៉េខាងត្បូងខាងលើមាននាមត្រកូល ស៊ូ (Suh) អាយុ ៣៤ឆ្នាំ បានត្រឡប់ពីកូរ៉េខាងជើងមកកាន់កូរ៉េខាងត្បូងវិញ នៅម៉ោងប្រមាណ ១១៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់) បន្ទាប់ពីត្រូវបានអាជ្ញាធរកូរ៉េខាង ជើងចាប់ឃុំខ្លួនកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅដោយចោទថា បានឆ្លងចូលទឹកដីកូរ៉េខាងជើងដោយខុសច្បាប់។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះពលរដ្ឋកូរ៉េខាងត្បូង ០៦នាក់ ទៀតត្រូវបានគេជឿថា នៅតែបន្តជាប់ឃុំនៅកូរ៉េខាងជើង ក្នុងនោះរួមមានលោក គីម ជុងវូក (Kim Jung-wook) ត្រូវបានចាប់ខ្លួនកាលខែតុលា ឆ្នាំ២០១៣ និងលោក គី គូកគី (Kim Kook-kie) រួមទាំងលោក ឆយ ជុនគីស (Choi Chun-kil) ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៤៕