(កាប៊ុល)៖ មនុស្សយ៉ាងតិច ៥០នាក់ ក្នុងនោះមានទាំងជនស៊ីវិល និងសមាជិកនៃកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល បានបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នាដ៏កក្រើកនៅខេត្តឡូហ្គា (Logar) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានអាហ្វហ្គានីស្ថានផ្ទាល់ ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
កងកម្លាំងសន្តិសុខ និងជនស្លូតត្រង់ចំនួន ៣៥នាក់ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត នៅក្នុងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធតាលីបង់ នៅក្នុងស្រុកដាច់ស្រយាលមួយគឺ អាស្សរ៉ា (Azra) ខណៈមន្រ្តីប៉ូលិសយ៉ាងហោចណាស់ ១៥នាក់ទៀត បានស្លាប់នៅក្នុងប្រតិបត្តិការទម្លាក់គ្រាប់ដោយភ័ន្តច្រឡំ ធ្វើឡើងទៅលើប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ដោយក្រុមចម្រុះអន្តរជាតិ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
គួរជម្រាបថា ក្រៅពីជនស៊ីវិល និងកម្លាំងសន្តិសុខខាងពួកឧទ្ទាមមួយចំនួនក៏បានបាត់បង់ជីវិត និងរងរបួសផងដែរ៕