(ម៉ិចស៊ីកូ)៖ អនាគតប្រធានាធិបតីម៉ិចស៊ីកូ លោក អាន់ដ្រេស អូប្រាឌ័រ (Andres Obrador) ទំនងជាបានព្រលយពាក្យសម្តីដាក់​ប្រធានា​ធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ពុំមាននរណាម្នាក់អាចមកគំរាមកំហែង​ដល់ប្រទេសរបស់លោក តាមរយៈការសាងសង់ជញ្ជាំង​ព្រំដែន​នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។

ថ្លែងក្នុង​កិច្ចប្រជុំមួយជាមួយក្រុមវិស្វករម៉ិចស៊ីកូ លោក Obrador បានលើកឡើងយ៉ាងដូច្នេះថា «គោលដៅរបស់យើង គឺនឹងធ្វើយ៉ាង​ណាឲ្យ​ម៉ិចស៊ីកូក្លាយជាប្រទេសដ៏ខ្លាំងក្លាមួយ ហើយពុំមាននរណាម្នាក់អាចមកគំរាមកំហែងយើងថា ពួកគេនឹង​បិទឬក៏ដាក់ពង្រាយ​​យោធានៅព្រំដែន ឬ​សាងសង់ជញ្ជាំងនោះឡើយ​»។ លោក Obrador ត្រូវគេរំពឹងថានឹងស្បថឡើងកាន់តំណែង​ជាផ្លូវការនៅថ្ងៃទី​០១ ខែធ្នូ ចុងឆ្នាំនេះ ក្រោយពីទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីដើមខែកក្កដាកន្លងទៅ។

គួរជម្រាបថា លោក ត្រាំ បាន​ធ្វើការសន្យាជាច្រើនលើកច្រើនសា​ថានឹង​សាងសង់ជញ្ជាំងមួយនៅព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដើម្បី​រារាំង​​ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ព្រមទាំងការរត់ពន្ធក៏ដូចជាជួញដូរ​មនុស្សនិងគ្រឿងញៀន ដែលរឿងសាងសង់ជញ្ជាំងព្រំដែននេះ គឺ​ជាការសន្យាដ៏សំខាន់មួយ កាលពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត​របស់​លោក ដូណាល់ ត្រាំ៕