(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ញើសារអបអរសាទរ លោក Emmerson Mnangagwa ដែលបានជាប់ឆ្នោត ជាប្រធានាធិបតីហ្ស៊ីមបាវ៉េសាជាថ្មី ខណៈគណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ នេះបើតាមការចេញ
ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
ស៊ីនហួរ ផ្អែកលើលិខិតអបអរសាទរមួយចុះកាលបរិច្ឆេកកាលពីថ្ងៃអាទិត្យ បានបញ្ជាក់ដូច្នេះថា៖«លោក ស៊ី ជិនពីង បានសម្ដែង ការសាទរ ក៏ដូចជាចេតនាចង់ឃើញរដ្ឋាភិបាល និងប្រជាជនហ្ស៊ីមបាវ៉េ អាចសម្រេចបាននូវលទ្ធផលបន្ថែមសម្រាប់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់លោក Mnangagwa»។ បន្ថែមពីលើនេះ លោកប្រធានាធិបតីចិន ក៏បានបង្ហាញពីក្ដីសង្ឃឹមផងដែរថាលោក អាចនឹងពិភាក្សាការងារជាមួយលោក Mnangagwa នៅខែកញ្ញាខាងនេះ ក្នុងទីក្រុងប៉េកាំង នាឱកាសចូលរួមកិច្ចប្រជុំកំពូលចិន - អាហ្រ្វិក។
គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំងហ្ស៊ីមបាវ៉េ លោក Nelson Chamisa រួមទាំងបណ្ដាប្រទេសលោកខាងលិចភាគច្រើន បានចាត់ទុកថាការបោះឆ្នោតនៅហ្ស៊ីមបាវ៉េ កាលពីថ្ងៃទី០៣ កក្កដាកន្លងទៅ មានការក្លែងបន្លំលទ្ធផលបោះឆ្នោត ស្របពេល សមាជិកគណបក្សប្រឆាំងមួយចំនួន កំពុងត្រូវបានគេបំភិតបំភ័យឱ្យបញ្ឈប់ការតវ៉ារបស់ខ្លួន៕