(ប៉េកាំង)៖ តារាវិទូចិនទើបបានប្រទះឃើញផ្កាយដ៏ធំមួយដួង ដែលមានផ្ទុកសារធាតុលីចូម (Lithium) ច្រើនជាងគេបង្អស់ ដែលអាចជួយផ្តល់ចម្លើយថ្មីថែមទៀត ទាក់ទិននឹងដំណើរវិវឌ្ឍន៍នៃចក្រវាឡយើងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
ដួងតារាខាងលើ ដែលមានបរិមាណសារធាតុ Lithium ដល់ទៅ ៣,០០០ដង ច្រើនជាងផ្កាយធម្មតា ត្រូវបានរកឃើញនៅក្នុងទិសនៃកញ្ចុំផ្កាយ Ophiuchus ដែលស្ថិតនៅចម្ងាយប្រហែល ៤,៥០០ឆ្នាំពន្លឺ ពីភពផែនដី។ ការរកឃើញផ្កាយយក្សនេះ ត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូប ដែលស្ថិតនៅខេត្ត ហេបៃ (Hebei) ភាគខាងជើងប្រទេសចិន។ កែវយឺតមានសមត្ថភាពសង្កេតមើលវត្ថុអវកាសចំនួនប្រមាណ ៤,០០០ ក្នុងពេលតែមួយ ហើយវាបានចូលរួមចំណែកយ៉ាងច្រើន ដល់ការសិក្សាទៅលើសណ្ឋាននៃកាឡាក់ស៊ី។
គួរជម្រាបថា Lithium ត្រូវគេចាត់ទុកថា គឺជាសារធាតុមួយក្នុងចំណោមសារធាតុផ្សំសំខាន់ៗទាំង ៣ ដែលបានធ្វើសំយោគនៅក្នុងមហាព្រឹត្តិការណ៍បន្ទុះ Big Bang រួមជាមួយអ៊ីដ្រូសែន និងអេល្យូម។ ជាធម្មតាតារានានាតែងតែមានសារធាតុទ្រទ្រង់ចំហេះខាងលើនេះ ក្នុងបរិមាណយ៉ាងច្រើនមហិមា ហើយការរកឃើគនេះ នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រ សិក្សាបានកាន់តែប្រសើរអំពីរបៀបនៃការកកើតកាឡាក់ស៊ី និងប្រព័ន្ធផ្កាយនៅក្រោយបន្ទុះ Big Bang៕