(គែរ)៖ កងនាវាជើងទឹក​មកពី​​អេហ្ស៊ីប ចក្រភពអង់គ្លេស និងបារាំង បានរួមគ្នាធ្វើសមយុទ្ធ​នៅលើដែន​សមុទ្រ​​ក្រហម និង​មេឌីទែរ៉ាណេ ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​​យោធាអេហ្ស៊ីប​បានឲ្យដឹងថា សមយុទ្ធខាងលើ​ត្រូវបាន​ធ្វើឡើង​​ក្រោមក្របខណ្ឌ​នៃ​​​គម្រោងរបស់​​ប្រទេស​អេហ្ស៊ីប​​ ដើម្បី​​បង្កើន​កិច្ចសហប្រតិបត្តិយោធា​ជាមួយ​​បណ្តា​ប្រទេស​​ជាមិត្ត។ សម្រាប់​សមយុទ្ធជាមួយទ័ពជើង​ទឹក​​​អង់គ្លេស ​រួមមានការហ្វឹកហាត់​​​​ប្រើប្រាស់បរិក្ខា​ទំនើបៗ ដើម្បី​រុករក​និងដោះមីនក្នុង​ផ្ទៃសមុទ្រ ដែលជាបញ្ហា​ប្រឈមធ្ងន់ធ្ងរ​មួយ​ ចំពោះផ្លូវធ្វើដំណើរ​​សំខាន់ៗ។

ចំណែក​ការហ្វឹកហាត់ជាមួយបារាំងវិញ ​​កងនាវានៃប្រទេសទាំងពីរ បានធ្វើតេស្តបាញ់​គ្រាប់ពិតនៅលើផ្ទៃសមុទ្រ​មេឌីទែរ៉ាណេ និង​​ហាត់​សម​ពី​ការទប់ទល់នឹង​​អំពើភេវរកម្ម​នៅដែនសមុទ្រ​អន្តរជាតិ ព្រមទាំងការ​ត្រួតពិនិត្យលើ​កប៉ាល់គួរឲ្យ​សង្ស័យ​ជាដើម។

គួរជម្រាបថា អេហ្ស៊ីបជារៀងរាល់ឆ្នាំ​តែងតែធ្វើសមយុទ្ធយោធា​ជាមួយបណ្តាប្រទេស​អារ៉ាប់ អាហ្រ្វិក និងអឺរ៉ុប ដើម្បីពង្រឹង​​កិច្ចសហ​ប្រតិបត្តិការ​យោធា និងដោះដូរ​ជំនាញផ្សេងៗ​ទាក់ទិននឹង​វិស័យយោធា ជាមួយ​បណ្តា​ប្រទេស​ជាមិត្ត៕