(កាណាដា)៖ រដ្ឋមន្ត្រីការបរទេស​កាណាដា​លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) បានអះអាងថា រដ្ឋាភិបាល​កាណាដា​នឹងមិនផ្លាស់ប្ដូរ​គោលជំហរ​របស់ខ្លួនឡើយ ប្រឈមមុខ​​នឹងជម្លោះការទូត​ជា​មួយមហាសេដ្ឋីប្រេង​​អារ៉ាប៊ីសាអូឌីត ខណៈដែល​ជម្លោះការទូតរបស់​ប្រទេសសេដ្ឋកិច្ច​ធំៗទាំងពីរ កាន់តែវិវឌ្ឍន៍​ទៅរកស្ថានភាព​អាក្រក់ខ្លាំងឡើង ដែលគ្មាន​នរណាធ្លាប់នឹក​ស្មានដល់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។

ការលើកឡើង​ខាងលើរបស់​លោកស្រី Chrystia Freeland ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុងទីក្រុង វែនខោវើ (Vancouver) នៅថ្ងៃចន្ទ​សប្ដាហ៍នេះ​ពោលគឺតែមួយថ្ងៃ​ប៉ុណ្ណោះ ក្រោយអារ៉ាប៊ីសាអូឌីត​សម្រេចចិត្តបណ្ដេញ​អគ្គរដ្ឋទូត​កាណាដា ចេញពី​ប្រទេស របស់ខ្លួន។ ថ្លែងនា​ឱកាស​នោះ លោកស្រី Freeland បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំអាច​និយាយបានថា កាណាដា​នៅតែប្រកាន់ គោលជំហរ​របស់ខ្លួន​ដដែល នោះគឺបន្តនិយាយ​ពីបញ្ហាសិទ្ធិ​មនុស្ស និង​សិទ្ធិស្ត្រី ហើយគោលជំហរ​បែបនេះ​នឹងមិនផ្លាស់ប្ដូរ​ឡើយ»

គួរជម្រាប​ជូនថា កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន រដ្ឋាភិបាលកាណាដា​បានរិះគន់អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត ទាក់ទិននឹង​ការចាប់ខ្លួន សកម្មជន​ការពារ​សិទ្ធិមនុស្ស​ក្នុងនោះ​រួមមាន​សកម្មជនការពារសិទ្ធិ​ស្ត្រីម្នាក់​ឈ្មោះ Samar Badawi។ កាណាដា បានស្នើឱ្យ​អាជ្ញាធរអារ៉ាប៊ីសាអូឌីត ដោះលែង​សកម្មជន​ការពារសិទ្ធិមនុស្ស​ជាបន្ទាន់ ប៉ុន្តែក្រោយ​ការអំពាវនាវ​នេះ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីតបានចោទថា កាណាដា កំពុងជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃ​ក្នុងរបស់ខ្លួន ហើយសម្រេច​ចិត្តទុក​ពេល ២៤ម៉ោង ឱ្យអគ្គរដ្ឋទូត​កាណាដា ចាកចេញ​ពីប្រទេស​អារ៉ាប៊ីសាអូឌីត។

លើសពីនេះទៅទៀត ក្រៅតែពីបណ្ដេញ​អគ្គរដ្ឋទូតកាណាដា ទីក្រុងរីយ៉ាដក៏​បានសម្រេចចិត្តផ្អាក​ជើងហោះទៅ និងមកទីក្រុងតូរ៉ុនតូ (Toronto) ផងដែរចាប់ពី​ថ្ងៃចន្ទសប្ដាហ៍​ក្រោយទៅ ក្រោយទើប​តែប្រកាសផ្អាកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និងការវិនិយោគ​ថ្មីៗ​ជាមួយកាណាដា៕