(អាមេរិក)៖ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លាមួយនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា នាដើមសប្តាហ៍នេះ បានរីករាលដាលក្លាយជាភ្លើងឆេះព្រៃធំបំផុតទីពីរក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់កើតមានឡើង នៅក្នុងរដ្ឋភាគខាងលិចនេះរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNBC នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរពន្លត់អគ្គីភ័យនៃរដ្ឋកាលីហ្វរញ៉ា វាអាចនឹងចំណាយពេលយ៉ាងហោចណាស់ ០៩ថ្ងៃទៀត ដើម្បីគ្រប់គ្រងក៏ដូចជាពន្លត់បានទាំងស្រុងនូវអគ្គីភ័យមានឈ្មោះថា មែនដូស៊ីណូ ខុមផ្លិច ហ្វៃអឺ (Mendocino Complex Fire) ដែលបានដុតបំផ្លាញផ្ទៃដីទំហំ ១,១០៧គីឡូម៉ែត្រក្រឡា ដែលធំជិតស្មើនឹងទំហំរបស់ទីក្រុងឡូសអាន់ជែឡែសទាំងមូល គិតមកត្រឹមដើមសប្តាហ៍នេះ ហើយសរុបមកវាបានបំផ្លិចបំផ្លាញលំនៅឋានចំនួន ៧៥ខ្នង និងបានបង្ខំឲ្យប្រជាជនអាមេរិករាប់ពាន់នាក់ ជម្លៀសខ្លួនចេញទៅកាន់ទីមានសុវត្ថិភាព។
គួរជម្រាបថា ភ្លើងឆេះព្រៃ Mendocino Complex Fire ដែលត្រូវក្រុមភ្នាក់ងារពន្លត់អគ្គីភ័យទប់ស្កាត់បានត្រឹម ៣០ភាគរយប៉ុណ្ណោះនោះ គឺជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃធំៗទាំង ១៧ ដែលកំពុងកើតមានឡើងនៅក្នុងរដ្ឋកាលីហ្វរញ៉ា ដែលបានបណ្តាលឲ្យប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រកាសអាសន្ននៅក្នុងរដ្ឋនេះ ហើយបញ្ជាឲ្យមានការទម្លាក់មូលនិធិសហព័ន្ធ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្រ្គោះ និងស្តារឡើងវិញ៕