(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​ YouTube, Facebook និង Apple បានសម្រេចចិត្ត​ចាត់វិធានការ​ក្នុងការលុបចោល​ទិន្នន័យ​ដែលមាន ជាប់ពាក់ព័ន្ធនឹង​គេហទំព័រ​ព័ត៌មាន អ៊ីនហ្វូវ៉រស៍ (InfoWars) និងស្ថាបនិក​គេហទំព័រមួយនេះ​គឺលោក អាឡិច ចូនស៍ (Alex Jones) ផងដែរ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។

ក្រុមហ៊ុនយក្ស​ទាំងបីខាងលើសុទ្ធតែបាន​អះអាងរៀងៗខ្លួន​ នៅថ្ងៃចន្ទសប្ដាហ៍​នេះថា បានលុបចោល​ទិន្នន័យរបស់​លោក Jones និង InfoWars ដោយសារតែ​គេហទំព័រព័ត៌មានមួយនេះ​ រំលោភលើ​គោលការណ៍​របស់​ពួកគេ។ «នៅពេល​អ្នកប្រើប្រាស់​រំលោភ... លើគោលការណ៍​ម្ដងជាពីរ​ដង ដូចជាការ​រំលោភបំពាន​លើការនិយាយ​បែបរើសអើង ឬសកម្មភាព​ទាំងឡាយដែល​យើងបានហាម​ឃាត់ នោះយើងនឹង​បិទគណនីរបស់​ពួកគេ»។ នេះគឺជា​ការគូសបញ្ជាក់​របស់អ្នកនាំពាក្យ​ក្រុមហ៊ុន YouTube។ ប៉ុន្តែ ខាង InfoWars មិនទាន់​ធ្វើការអត្ថាធិប្បាយ​ណាមួយ​នៅឡើយទេ ជុំវិញ​ការសម្រេចចិត្ត​របស់ក្រុមហ៊ុន​ទាំងបីនេះឡើយ។

គួរបញ្ជាក់ថា ការចាត់វិធានការ​របស់​ក្រុមហ៊ុន YouTube, Facebook និង Apple ក៏មានរាប់បញ្ចូល​ទាំងការបិទ Alex Jones Channel ផងដែរ ដែលមាន​អ្នក Subscribe​ ២.៤លាននាក់ ហើយមាន​អ្នកចូលមើល​វីដេអូ ១.៥ពាន់​លាន​ដង៕