(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានគេចផុតពីការប៉ុនប៉ងធ្វើឃាតដោយការវាយប្រហារ ដោយយន្ដហោះដ្រូនបំពាក់គ្រឿងផ្ទុះ នៅអំឡុងពេលលោកថ្លែងសុន្ទរកថា នៅឯពិធីព្យុហយាត្រយោធាមួយក្នុងរដ្ឋធានីការ៉ាកាស់ កាលពីចុងសប្ដាហ៍កន្លងទៅ។ ភ្លាមៗក្រោយគេចផុតពីការវាយប្រហារនេះ លោក ម៉ាឌូរ៉ូ បានចោទប្រកាន់ត្រង់ៗថា សហរដ្ឋអាមេរិក រដ្ឋាភិបាលកូឡុំប៊ី រួមទាំងក្រុមអ្នកប្រឆាំងនឹងរូបលោកគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ ប៉ុន្តែមានសំណួរ ជាច្រើនកំពុងត្រូវបានគេចោទថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះឱ្យប្រាកដ?

- មហាអំណាចបរទេស

លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់ថា ការប៉ុនប៉ងធ្វើឃាតរូបលោកគឺមានជាប់ពាក់ព័ន្ធនឹងប្រធានាធិបតីកូឡុំប៊ី លោក ហ័ន ម៉ានុយអែល សានតូស (Juan Manuel Santos) ដោយមានការគំាទ្រពីបណ្ដាញភេរវករមួយក្រុមមានមូលដ្ឋាននៅក្នុងរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ក៏បានចោទសហរដ្ឋអាមេរិក និងក្រុមប្រឆាំង គាំទ្រដោយទីក្រុងវ៉ាស៊ីនតោនផងដែរថា ជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោកមិនបានសម្រេច។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ លោក ម៉ាឌូរ៉ូ ខ្លួនឯងក៏ធ្លាប់បានចោទប្រកាន់សហគមន៍អន្តរជាតិ ជាពិសេសគឺសហភាពអឺរ៉ុបថា បានប្រកាសសង្រ្គាមសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក និងគំាទ្រក្រុមប្រឆាំងនៅក្នុងប្រទេស។

- ក្រុមឧទ្ទាមឆ្វេងនិយម

ក្រុមឧទ្ទាមឆ្វេងនិយម Soldiers Franelas ដែលបានអះអាងថា គឺជាអ្នកតស៊ូប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងការ៉ាកាស់ បានចេញមុខ នៅលើបណ្ដាញទំនាក់ទំនងសង្គម ដោយបញ្ជាក់ត្រង់ៗថា ក្រុមខ្លួនជាអ្នកនៅពីក្រោយការបញ្ជាយន្ដហោះដ្រូនវាយប្រហារលើ លោក នីកូឡាស់ ម៉ាឌូរ៉ូ។ «ការវាយប្រហារនៅថ្ងៃនេះ មិនបានទទួលជោគជ័យក៏ពិតមែន ប៉ុន្តែយើងបានបង្ហាញពីភាពទន់ខ្សាយ របស់រដ្ឋាភិបាល...ហើយបញ្ហាគឺអាស្រ័យទៅលើពេលវេលាតែប៉ុណ្ណោះ»។ នេះគឺសាររបស់ក្រុម Soldiers Franelas បង្ហោះលើ  Twitter។

- លោក ម៉ាឌូរ៉ូ គឺជាអ្នករៀបចំឈុតឆាកវាយប្រហារនេះដោយខ្លួនឯង

ស្របពេលលោក ម៉ាឌូរ៉ូ ចោទប្រកាន់សហរដ្ឋអាមេរិក កូឡុំប៊ី និងក្រុមប្រឆាំងនឹងរូបលោកថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាព ប៉ុនប៉ងធ្វើឃាតរូបលោក អ្នកជំនាញមួយចំនួនដូចជា លោក David Smilde បានដាក់ការសង្ស័យថា រដ្ឋាភិបាលទីក្រុងការ៉ាកាស់ ខ្លួនឯងគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ លោក David បានពន្យល់ទៀតថា លោកម៉ាឌូរ៉ូ ធ្វើបែបនេះក្នុងចេតនាប្រើវាជា លេសដើម្បីពង្រឹងអំណាច, ដាក់សម្ពាធលើសេរីភាពបញ្ចេញមតិ ឬក៏នឹងធ្វើការបោសសំអាតផ្ទៃក្នុងនៃជួររដ្ឋាភិបាល និងយោធា
ខណៈមានពាក្យចចាមអារ៉ាមមួយចំនួនកាលពីថ្មីកន្លងទៅនេះថា អាចនឹងមានរដ្ឋប្រហារយោធាទម្លាក់រូបលោកចេញពីតំណែង។

គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានច្រានចោលការចោទប្រកាន់របស់លោក ម៉ាឌូរ៉ូ ហើយថា ទីក្រុងការ៉ាកាស់ខ្លួនឯង ទំនងជាអ្នករៀបចំឈុតឆាត នៃការវាយប្រហារដោយន្ដហោះដ្រូន។ ចំណែកឯរដ្ឋាភិបាលកូឡុំប៊ី ក៏បាន ប្រកាន់ជំហរដូចទីក្រុងវ៉ាស៊ីនតោនដែរ ដោយថាការចោទប្រកាន់របស់លោកម៉ារ៉ូ ធ្វើឡើងដោយគ្មានមូលដ្ឋាន និងភស្ដុតាង បើទោះជាក្រសួងមហាផ្ទៃវេណេស៊ុយអេឡាប្រកាសថា ចាប់ខ្លួនជនសង្ស័យបាន០៦នាក់ក៏ដោយ៕  

ប្រភព៖ The Guardian