(កូឡុំប៊ី)៖ ប្រធានាធិបតីកូឡុំប៊ី លោក ហ័ន ម៉ានុយអែល សាន់តូស នៅថ្ងៃចន្ទនេះ បានទាត់ចោល ព្រមទាំងថ្កោលទោសយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថាលោកជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ប្រតិកម្មរបស់ លោក សាន់តូស ធ្វើឡើងបន្ទាប់ពីលោក ម៉ាឌូរ៉ូ ផ្ទាល់បានចោទប្រកាន់រូបលោកថាជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើ ឃាតប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ដោយយន្ដហោះដ្រូន ដែលបំពាក់ដោយគ្រឿងផ្ទុះ។ មួយវិញទៀត លោកសាន់តូស ក៏បានបរិហាផងដែរថា ការចោទប្រកាន់របស់លោក ម៉ាឌូរូ គឺគ្រាន់តែជាលេសដើម្បីពង្រឹងអំណាចរបស់ខ្លួន បង្រ្កាបនិងបំបិទ សំឡេងអ្នកប្រឆាំងតែប៉ុណ្ណោះ៕
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Néstor Reverol មនុស្ស០៦នាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យ ថាមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ លោក Reverol បានបន្ថែមទៀតថា ជនសង្ស័យទាំង០៦នាក់ខាងលើ គឺជាសមាជិកនៃមនុស្សមួយក្រុមដែលបានបញ្ជាយន្ដហោះដ្រូនបំពាក់គ្រឿងផ្ទុះធ្វើសកម្មភាព វាយប្រហារលើលោក ម៉ាឌូរ៉ូ នៅអំឡុងពិធីព្យុហយាត្រាយោធាមួយកាលពីថ្ងៃអាទិត្យ ក្នុងរដ្ឋធានីការ៉ាកាស់៕