(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនដល់ ៩១នាក់ហើយ ក្រោយគ្រោះរញ្ជួយដីដ៏ប្រល័យមួយបាន វាយប្រហារលើកោះទេសចរណ៍ដ៏ល្បី លុមបុក (Lombok) ស្ថិតនៅភាគកណ្តាលប្រទេសកាលពីថ្ងៃអាទិត្យ៕
២៖ ប្រទេសចិនបានឲ្យដឹងថា ខ្លួនទើបតែធ្វើតេស្តដោយជោគជ័យលើយន្តហោះប្រភេទ វេវរ៉ៃដឺ ស៊ូពើសូនិក (Waverider Hypersonic) ទីមួយ ដែលមានសមត្ថភាពហោះហើរដោយខ្លួនឯង ព្រមទាំងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន៕
៣៖ ប្រទេសជប៉ុននៅថ្ងៃចន្ទនេះ បានប្រារព្ធខួបឆ្នាំទី ៧៣ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពីសំណាក់កងទ័ពអាមេរិកលើទីក្រុងហ៊ីរូស៊ីម៉ា (Hiroshima) ជាមួយការព្រមានរបស់អភិបាលក្រុងមួយនេះ ពីការកើនឡើងគំនិតជាតិនិយម ដែលអាចនឹងបំផ្លាញដល់សន្តិភាពពិភពលោក៕
៤៖ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសកាណាដា ត្រឡប់មកស្រុកវិញ និង ទុកពេល ២៤ម៉ោងឱ្យអគ្គរដ្ឋទូតកាណាដា វិចបង្វិចចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត។ ទីក្រុងរីយ៉ាដក៏បានផ្អាករាល់ការធ្វើពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងវិនិយោគថ្មីជាមួយកាណាដាផងដែរ៕
៥៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A320 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Avia Traffic នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) បានធ្វើការចុះចតយ៉ាងតក់ក្រហល់ នៅឯអាកាសយានដ្ឋានម៉ាណាស (Manas) បន្ទាប់ពីទើប ហោះឡើងចេញពីទីនោះ បានតែប៉ុន្មាននាទីប៉ុណ្ណោះ៕
៦៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុង ហូ (Ri Yong Ho) បានចោទប្រកាន់សហរដ្ឋអាមេរិកថា នៅតែមានភាពស្រពិចស្រពិលក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំង ហើយថែមទាំងព្រមានដែរថា កូរ៉េខាងជើងចាប់ផ្តើម ឬមិនចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ គឺអាស្រ័យលើអាកប្បកិរិយារបស់សហរដ្ឋអាមេរិក៕