(ហ្សាការតា)៖ ភ្ញៀវទេសចរជាង១,០០០នាក់ កំពុងត្រូវជម្លៀសខ្លួនចេញពីប្រជុំកោះ Gili នៃប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.០រ៉ិចទ័រ បានវាយប្រហារទៅលើកោះ Lombok នៅក្បែរនោះ ដែលបានផ្តាច់ជីវិតមនុស្ស៩១នាក់ និងបង្កឲ្យរបួសរាប់រយនាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ប្រជុំកោះត្រូពិច Gili មានទីតាំងនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីភាគពាយ័ព្យនៃកោះ Lombok ដែលសម្បូរដោយភ្ញៀវទេសចរដើរផ្សងព្រេងនិងមុជទឹកកម្សាន្ត។ បើតាមអាជ្ញាធរទេសចរណ៍ឥណ្ឌូណេស៊ី ភ្ញៀវទេសចរ ប្រមាណ១,២០០នាក់ ដែលភាគច្រើនមកពីបរទេស កំពុងស្ថិតនៅលើកោះ Gilis។
គួរជម្រាបថា គ្រោះរញ្ជួយដីកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ក៏បានជះកម្លាំងរំញ័រដល់កោះទេសចរណ៍ Bali ដ៏ល្បីល្បាញប្រចាំនៅអាស៊ីអាគ្នេយ៍ផងដែរ៕