(អាហ្វហ្គានីស្ថាន)៖ ហាំហ្សា ប៊ីនឡាដិន (Hamza bin Laden) ដែលជាកូនប្រុសអតីតមេដឹកនាំក្រុមអាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) បានរៀបអាពាហ៍ពិពាហ៍ហើយក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាមួយកូនស្រីម្នាក់នៃមេដឹកនាំចោរប្លន់យន្ដហោះ ដែលបានវាយប្រហារលើអគារពាណិជ្ជកម្មពិភពលោករបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ នេះបើតាមសាច់ញាតិគ្រួសាររបស់លោក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ថ្លែងប្រាប់សារព័ត៌មាន The Guardian កាលពីពេលថ្មីៗនេះបងប្អូនម្ដាយទីទៃរបស់ Osama bin Laden គឺលោក អាហ៍ម៉េដ អាល់អាត់តាស (Ahmad al-Attas) បានអះអាងថា Hamza bin Laden បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រីម្នាក់ មានអាយុប្រហែលជា ២០ឆ្នាំ របស់លោក ម៉ូហាំម៉េដ អាត់តា (Mohammed Atta) ដែលជាមេដឹកនាំម្នាក់ក្នុងចំណោមអ្នកប្លន់យន្ដហោះ បំបុកអគារភ្លោះពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
ប៉ុន្តែលោក Ahmad មិនបានបញ្ជាក់ពីឈ្មោះកូនក្រមុំឡើយ ដោយគ្រាន់តែលើកឡើងយ៉ាងខ្លីដូច្នេះថា «យើងបានលឺដំណឹងថា Hamza បានរៀបការជាមួយកូនស្រីរបស់ Mohammed Atta... ហើយយើងមិនបានដឹងប្រាកដឡើយថា គាត់កំពុងនៅទីណាតែគាត់អាចនៅក្នុងប្រទេសអាហ្វីហ្កាស្ថាន»។
គួរជម្រាបជូនថា បើតាមលោក Ahmad al-Attas Hamza bin Laden មានអាយុ ២៩ឆ្នាំ គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមអាល់កៃដា ឬអាចកាន់តំណែងជាបងធំទី ២ នៅក្នុងក្រុមមួយនេះផងដែរ។ លើសពីនេះទៅទៀតលោក Ahmad ថែមទាំងអះអាងទៀតថា ក្រោយប្រកាសធ្វើសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអ៊ីស្រាអែល កូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដារូបនេះ ក៏បាននិងកំពុងរៀបចំផែនការសងសឹកឱ្យឪពុករបស់ខ្លួនផងដែរ ដែលត្រូវបានកងកម្ម៉ង់ដូពិសេសអាមេរិក បានសម្លាប់នៅឯទីក្រុង អាប់បុតតាបាដ (Abbottabad) ប្រទេសប៉ាគីស្ថានកាលពីឆ្នាំ២០១១៕
៣