(ប៉េកាំង)៖ ប្រទេសចិនបានឲ្យដឹងថា ខ្លួនទើបតែធ្វើតេស្តដោយជោគជ័យលើយន្តហោះប្រភេទ វេវរ៉ៃដឺ ស៊ូពើសូនិក (Waverider Hypersonic) ទីមួយ ដែលមានសមត្ថភាពហោះហើរដោយខ្លួនឯង ព្រមទាំងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន Global Times នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
យន្តហោះខាងលើដែលមានឈ្មោះថា ហ្ស៊ីងកុងពីរ (Xingkong-2) ឬ Starry Sky-2 ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត ចេញពីទីតាំងមួយនៅភាគពាយ័ព្យប្រទេសចិន និងធ្វើតេស្តអស់រយៈពេលប្រមាណ១០នាទី។ នៅអំឡុងការហោះហើរដោយខ្លួនឯង ក្រោយពីផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែត ដែលនាំវាឡើងទៅលើមេឃ Xingkong-2 បានធ្វើដំណើរឡើងទៅដល់កម្ពស់ ៣០គីឡូម៉ែត្រ ក្នុងល្បឿន Mach 5.5 ឬស្មើនឹង៦,៧៣៧គីឡូម៉ែត្រក្នុងមួយម៉ោង។
Waverider Hypersonic គឺជាយានហោះហើរមួយប្រភេទ ដែលមានសមត្ថភាពធ្វើដំណើរក្នុងបរិយាកាសផែនដី ជាមួយល្បឿនដ៏ល្បឿនតាមរយៈការប្រើប្រាស់កម្លាំងរលក Shockwave ដែលបង្កើតឡើងចេញការហោះហើរបែប Hypersonic Flight របស់វាជាមួយនឹងខ្យល់។ ល្បឿន Hypersonic ជាល្បឿនប្រភេទ Mach 5 ឬ ខ្ពស់ជាងនេះ ដែលលឿនជាងល្បឿនសំឡេងដល់ទៅ ០៥ដង។
ក្រៅពីនេះ Xingkong ត្រូវគេអះអាងថា មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងហោះឆ្លងកាត់ប្រព័ន្ធខែលការពារមីស៊ីលនានា ដែលកំពុងប្រើប្រាស់នៅលើពិភពលោក ក៏ព្រោះតែវាមានអានុភាពខ្លាំងជាងមីស៊ីលផ្លោង និងមីស៊ីលប្រដេញធម្មតាៗ។
គួរជម្រាបថា ប្រទេសចិនបាន និងកំពុងតែធ្វើទំនើបកម្មលើវិស័យយោធារបស់ខ្លួន និងមានគោលដៅក្លាយជាអ្នកផលិតអាវុធ ដ៏មានមុខមានមាត់មួយនាពេលអនាគត។ ជាមួយគ្នានេះ ក៏មានមើលឃើញផងដែរថា ទីក្រុងប៉េកាំងកំពុងមានមហិច្ឆតាអភិវឌ្ឍន៍កម្លាំងយោធារបស់ខ្លួន ឲ្យប្រហាក់ប្រហែលនឹងសហរដ្ឋអាមេរិកព្រមទាំងរុស្ស៊ី៕