(ម៉ូស្គូ)៖ ប្រទេសដែលមានសមត្ថភាពបាញ់បង្ហោះផ្កាយរណបដំបូងគេ កំពុងតែបាត់បង់គុណសម្បត្តិរបស់ខ្លួន ក្នុងវិស័យអវកាសទៅកាន់គូប្រជែងមួយចំនួនដូចជាក្រុមហ៊ុនអវកាសឯកជនរបស់អាមេរិក SpaceX និងជាពិសេសនោះគឺចិនតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Defense One នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
កាលពីខែកក្កដាកន្លងទៅនេះ វិស័យអវកាសរុស្ស៊ីបានជួបប្រទះបញ្ហាជាច្រើន រួមានទាំងការចាប់ខ្លួនអ្នកវិទ្យាសាស្រ្តដែលគេសង្ស័យថា បានលួចផ្តល់ព័ត៌មានផ្នែកបច្ចេកវិទ្យាទៅឲ្យប្រទេសដទៃ ព្រមទាំងសេចក្តីប្រកាសរបស់ទីភ្នាក់ងារអវកាសរុស្ស៊ី Roskosmos ស្តីពីការលុបចោលនូវការធ្វើតេស្តហោះហើរសាកល្បង នៃយានអវកាស Federation ដែលគ្រោងធ្វើឡើងនាឆ្នាំ២០២២។
ប៉ុន្តែបញ្ហាសំខាន់ទាក់ទិននឹងកិច្ចប្រឹងប្រែង ក្នុងវិស័យអវកាសរុស្ស៊ី មិនមែនទើបកើតមានឡើងនាពេលថ្មីៗនេះឡើយ។ តួយ៉ាងបើតាមសារព័ត៌មានរុស្ស៊ី Lenta.ru ការខាតបង់ធ្ងន់ធ្ងរបំផុតរបស់រុស្ស៊ី គឺការផ្ទេរបច្ចេកវិទ្យាស្តីពីការបញ្ជូនមនុស្សទៅរុករកក្នុងទីអវកាសរបស់ខ្លួន ទៅឲ្យប្រទេសចិន។
ការទទួលបានព័ត៌មាន និងបច្ចេកវិទ្យាសំខាន់ៗចាប់តាំងពីទសវត្សរ៍ ៩០មក ចិនបានធ្វើការឥទ្ធិពលអវកាសរបស់រុស្ស៊ីធ្លាក់ចុះជាខ្លាំង ខណៈមហាយក្សនៅអាស៊ីនេះ ត្រូវបានគេសង្កេតឃើញ កំពុងបោះជំហានឆ្ពោះទៅកាន់រកប្រទេសកំពូលមួយក្នុងវិស័យអវកាសនាពេលអនាគត តាមរយៈការជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការបញ្ចេញគំរោងធំៗជាច្រើន ដែលប្រទេសមួយចំនួនមិនអាចធ្វើតាមបាន។
គួរជម្រាបថា ក្រៅពីចិន ក្រុមហ៊ុនអវកាសឯកជនមួយចំនួនរបស់សហរដ្ឋអាមេរិក ជាពិសេសគឺ SpaceX ដែលទើបតែបង្កើតឡើងកាលពីឆ្នាំ២០០២ ប៉ុណ្ណោះនោះ ក៏ជាដៃគូប្រកួតប្រជែង ដែលមិនអាចមើលរំលងបានផងដែរសម្រាប់រុស្ស៊ី។ ពីមុនរុស្ស៊ីបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យវិស័យអវកាសរបស់ខ្លួន ក្លាយជាភាពចាំបាច់ដែលប្រទេសនានាអាចមកពឹងពាក់ ប៉ុន្តែដោយសារតែក្រុមហ៊ុនបរទេសជាច្រើនកំពុងរីកមុខ ដូច្នេះការជាប់គាំងរបស់រុស្ស៊ី ចំពេលប្រកួតប្រជែងបំផុតនេះ គឺជាការទាញអតីតមហាអំណាចកំពូលអវកាសនេះ ឲ្យកាន់តែដុនដាប៕