(ឈីកាហ្គូ)៖ ប៉ូលិសក្នុងទីក្រុងឈីកាហ្គោ Chicago បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០៥នាក់បានស្លាប់ និង៤៤នាក់រងរបួសនៅក្នុងការបាញ់ប្រហារ ជាច្រើនករណីដាច់ដោយឡែកពីគ្នានៅថ្ងៃអាទិត្យ ទី០៥ ខែសីហា (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
យោងតាមប្រធានមន្ត្រីប៉ូលិសទីក្រុង Chicago លោក ហ្វ្រេដ វ៉ល្លឺ (Fred Waller) ក្នុងរយៈពេល០៣ម៉ោងដំបូងរាប់ចាប់ពីម៉ោង ១៖៣០នាទី រំលងអធ្រាតថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) មនុស្ស ៣០នាក់បានរងរបួសដោយសារការបាញ់ប្រហារ ១០ករណីដាច់ ដោយឡែកពីគ្នា។ លោក Waller បានបន្ថែមទៀតថា នៅក្នុងការបាញ់ប្រហារលើកចុងក្រោយមួយ ខ្មាន់កាំភ្លើងបានបាញ់រះលើ ហ្វូងមនុស្សចូលរួមក្នុងពិធីជប់លៀងមួយ ហើយបានបណ្ដាលឱ្យមនុស្សជាច្រើននាក់ របួសក្នុងនោះរួមមានទាំងមនុស្សវ័យចំណាស់ ៦២ឆ្នាំ និងក្មេងអាយុ ១១ឆ្នាំផងដែរ។
គួរបញ្ជាក់ថា មុនករណីបាញ់ប្រហារនោះការបាញ់ប្រហារ ០៦ករណីបានកើតឡើងផ្សេងទៀតកាលពីថ្ងៃសុក្រ និងការបាញ់ប្រហារ ១៥ករណីកើតឡើងកាលពីថ្ងៃសៅរ៍ តែមិនបានបណ្ដាលឱ្យមានអ្នកស្លាប់នោះទេ៕