(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនដល់ ៩១នាក់ហើយ ក្រោយគ្រោះរញ្ជួយដីដ៏ប្រល័យមួយបានវាយប្រហារលើកោះទេសចរណ៍ដ៏ល្បី លុមបុក (Lombok) ស្ថិតនៅភាគកណ្តាលប្រទេសកាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរឥណ្ឌូណេស៊ីមនុស្ស ២០៩នាក់ ទៀតក៏បានរងរបួសផងដែរ ដោយសារគ្រោះរញ្ជួយកម្រិត ៧.០រ៉ិចទ័រនេះ ដែលបានបំផ្លាញអគារ ផ្ដាច់ចរន្តអគ្គិសនី ហើយវាបានកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីមួយផ្សេងទៀតបានផ្ដាច់ជីវិតមនុស្ស ១៦នាក់ នៅលើកោះលុមបុក (Lombok) ដដែលនេះ។
គួរជម្រាបថា បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើមានឥទ្ធិពល ៧.០រ៉ិចទ័រ និងមានជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ អំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានទទួលរងគ្រោះពីរញ្ជួយដីយ៉ាងញឹកញាប់ ដោយកាលពីចុងខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីមួយកម្រិត ៦.៤រ៉ិចទ័រ ដែលមានជម្រៅត្រឹម ០៧គីឡូម៉ែត្រប៉ុណ្ណោះនោះ បានវាយប្រហារលើកោះទេសចរណ៍នេះ និងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១៦នាក់ និងបណ្តាលឲ្យរបួសជាង ១៦០នាក់។
គ្រោះរញ្ជួយដីតែងកើតមានឡើងជាញឹកញាប់ នៅប្រទេសអាស៊ានមួយនេះ គឺដោយសារតែឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្ត ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង ដែលគេហៅថា Pacific Ring of Fire ដែលមានសណ្ឋានដីងាយរងគ្រោះធម្មជាតិខ្លាំងជាងគេលើផែនដីដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាដើម៕