(កៀហ្ស៊ីស៊ីស្ថាន)៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A320 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Avia Traffic នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) បានធ្វើការចុះចតយ៉ាងតក់ក្រហល់ នៅឯអាកាសយានដ្ឋានម៉ាណាស (Manas) បន្ទាប់ពីទើបហោះឡើងចេញពីទីនោះ បានតែប៉ុន្មាននាទីប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យរបស់អាកាសចរណ៍ខាងលើ បន្ទាប់ពីហោះហើរចាកចេញបានត្រឹម០៣នាទីប៉ុណ្ណោះ កាលពីព្រឹកថ្ងៃអាទិត្យ (ពេលវេលានៅក្នុងតំបន់) សញ្ញាប្រកាសអាសន្នស្តីពីភាពមិនប្រក្រតី នៅក្នុងការធ្វើប្រតិបត្តិការនៃម៉ាស៊ីនមួយចំហៀងរបស់យន្តហោះក៏បានលេចឡើង។ ភ្លាមៗនោះអាកាសយានិក បានសម្រេចបញ្ជាយន្តហោះត្រឡប់មកចុះចតនៅអាកាសយានដ្ឋាន Manas វិញជាបន្ទាន់។
គួរជម្រាបថា ពុំមាននរណាម្នាក់ទទួលរងរបួស ក្នុងហេតុការណ៍នេះឡើយ ខណៈបញ្ហាម៉ាស៊ីនកំពុងត្រូវបានក្រុមវិស្វករត្រួតពិនិត្យ៕