(រីយ៉ាដ)៖ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសកាណាដា ត្រឡប់មកស្រុកវិញ និង ទុកពេល ២៤ម៉ោងឱ្យអគ្គរដ្ឋទូតកាណាដា វិចបង្វិចចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត។ ទីក្រុងរីយ៉ាដក៏បានផ្អាករាល់ការធ្វើពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងវិនិយោគថ្មីជាមួយកាណាដាផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ការសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតកាណាដា ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ ហើយវាធ្វើឡើងជាការឆ្លើយតបទៅនឹង សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកាណាដា ដែលបានសម្ដែងក្ដីព្រួយបារម្ភទាក់ទិននឹង ការចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្ស នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ តែយ៉ាងណាក៏ដោយ ក្រសួងការបរទេសអារ៉ាសាអូឌីត បានច្រានចោលការព្រួយបារម្ភនេះ និងចាត់ទុកថាវាគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន ព្រមទាំងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ អារ៉ាប៊ីសាអូឌីតពីសំណាក់រដ្ឋាភិបាលកាណាដា។
គួរបញ្ជាក់ថា ភាពតានតឹងរវាងកាណាដា និងអារ៉ាប៊ីសាអូឌីត កើតមានឡើងបន្ទាប់ពីកាណាដាទាមទារឱ្យមានការដោះលែងស្ត្រីម្នាក់ឈ្មោះ សាម៉ា បាដាវី (Samar Badawi) ដែលជាសកម្មជនការពារសិទ្ធិស្ត្រី ដែលត្រូវបានអាជ្ញាធរទីក្រុងរីយ៉ាដ ចាប់ខ្លួនកាលពីសប្ដាហ៍មុនជាបន្ទាន់៕