BREAKING NEWS: សហរដ្ឋអាមេរិកទាត់ចោលពាក្យចោទប្រកាន់ថា ខ្លួនជាអ្នករៀបចំគំរោង ធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា! (video inside)
06-08-2018 10:02
(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បាននិយាយថា រដ្ឋាភិបាលទីក្រុងការ៉ាកាស់ខ្លួនឯងទំនងជាអ្នក រៀបចំឈុតឆាតនៃការវាយប្រហារដោយយន្ដហោះដ្រូន ប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ប្រតិកម្មរបស់លោក Bolton កើតឡើងបន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ បានចោទប្រកាន់សហរដ្ឋអាមរិក គណបក្សប្រឆាំង និងរដ្ឋាភិបាលកូឡុំប៊ី គឺជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូន ដើម្បីធ្វើឃាតរូបលោកដោយ មិនបានបង្ហាញភស្ដុតាងអ្វីទាំងអស់។ ថ្លែងប្រាប់ Fox News កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) លោកទីប្រឹក្សាសន្ដិសុខជាតិ អាមេរិកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលអាមេរិកមិនមានជាប់ពាក់ព័ន្ធនឹងអ្វីទាំងអស់ ជុំវិញការវាយប្រហារដោយយន្ដហោះ ដ្រូនលើលោក ម៉ាឌូរ៉ូ... ប៉ុន្តែផ្ទុយទៅវិញរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ខ្លួនឯងគឺជាអ្នកនៅពីក្រោយការវាយប្រហារ ក្នុងចេតនាបន្តប្រព្រឹត្តអំពើពុករលួយ និងសកម្មភាពគាបសង្កត់លើគណបក្សប្រឆាំង»។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក ណែស្ទ័រ រីវើសល (Néstor Reverol) មនុស្ស ០៦នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ នៅអំឡុងព្យុហយាត្រមួយក្នុងទីក្រុងការ៉ាកាស់កាលពីថ្ងៃអាទិត្យ៕