(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុង ហូ (Ri Yong Ho) បានចោទប្រកាន់សហរដ្ឋអាមេរិកថា នៅតែមានភាពស្រពិចស្រពិលក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំង ហើយថែមទាំងព្រមានដែរថា កូរ៉េខាងជើងចាប់ផ្តើម ឬមិនចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ គឺអាស្រ័យលើអាកប្បកិរិយារបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
លោក រី យ៉ុង ហូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅឯប្រទេសសិង្ហបុរីកាលពី ចុងសប្ដាហ៍កន្លងទៅ និងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តរក្សាការដក់ទណ្ឌកម្ម និងសម្ពាធជាអតិបរមាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ លើសពីនេះទៅទៀត លោក រី ថែមទាំងព្រមានទៀតថា កូរ៉េខាងជើងនឹង ឬមិនចាប់ផ្ដើមអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ រហូតទាល់តែសហរដ្ឋអាមេរិក ចាត់វិធានការសកម្មភាព ឱ្យស្មើភាពទៅនឹងអ្វីដែលកូរ៉េខាងជើងបាននិងកំពុងធ្វើ។
គួរបញ្ជាក់ថា ការតឹងសសៃកដាក់គ្នារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ហាក់ដូចជាផ្ទុះឡើងកាលពីចុងសប្ដាហ៍កន្លង ក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា ទីក្រុងព្យុងយ៉ាង នៅតែបន្តលួចលាក់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប បើទោះ ជាមានកិច្ចព្រមព្រៀងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីខែមិថុនា ក្នុងប្រទេសសិង្ហបុរីក៏ដោយ៕