(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានឲ្យដឹងថា មនុស្សយ៉ាងតិច០៣នាក់បានបាត់បង់ជីវិត ក្រោយការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ទៅលើកោះទេសចរណ៍ដ៏ល្បី លុមបុក (Lombok) ភាគកណ្តាលប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New York Times នៅយប់ថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨។
ប្រភពដដែលបានបញ្ជាក់ថា ដោយសារមានបញ្ហាដាច់បណ្តាញចរន្តអគ្គិសនី ស្ថានកាណ៍ទាំងស្រុង ពុំទាន់អាចត្រូវវាយតម្លៃបានជាក់លាក់នៅឡើយទេ ប៉ុន្តែមនុស្សយ៉ាងហោចណាស់ចំនួន០៣នាក់ បានបាត់បង់ជីវិត។ ជាមួយគ្នានេះ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានដកការប្រកាសអាសន្នស្តីពីរលកស៊ូណាមិចេញវិញផងដែរ បន្ទាប់ពីត្រូវបានដាក់ចេញភ្លាមៗ ក្រោយការវាយលុកពីរញ្ជួយដីនាប៉ុន្មានម៉ោងមុននេះ។
គួរជម្រាបថា បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើ មានឥទ្ធិពល៧.០រ៉ិចទ័រ និងមានជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ អំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានទទួលរងគ្រោះពីរញ្ជួយដីយ៉ាងញឹកញាប់ ដោយកាលពីចុងខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីមួយកម្រិត ៦.៤រ៉ិចទ័រ ដែលមានជម្រៅត្រឹម០៧គីឡូម៉ែត្រប៉ុណ្ណោះនោះ បានវាយប្រហារលើកោះទេសចរណ៍នេះ និងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច១៤នាក់ និងបណ្តាលឲ្យរបួសជាង១៦០នាក់។ គ្រោះរញ្ជួយដីតែងកើតមានឡើងជាញឹកញាប់ នៅប្រទេសអាស៊ានមួយនេះ គឺដោយសារតែឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្តស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង ដែលគេហៅថា Pacific Ring of Fire៕