(អង់ការ៉ា)៖ ប្រធានាធិបតីវេណេស៊ុយអេឡា បានឲ្យដឹងថារូបលោកដោយរួចរស់ជីវិតពីការប៉ងធ្វើឃាត តាមរយៈការប្រើប្រាស់ឧបករណ៍ដ្រូនបំពាក់គ្រឿងផ្ទុះ នៅក្នុងពីធីព្យុហយាត្រានាចុងសប្តាហ៍នេះ គឺដោយសារតែគុណព្រះជាម្ចាស់ ព្រមទាំងប្រជាជននិងកងកម្លាំងប្រដាប់អាវុធនៃប្រទេសរបស់លោកផ្ទាល់ ហើយលោកបានចោទកូឡុំប៊ីនិងសហរដ្ឋអាមេរិកថា ជាក្រុមនៅពីក្រោយខ្នងនៃអំពើស្តាំនិយមចង់យកជីវិតរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅយប់ថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨។
បើតាមការអះអាងរបស់លោក ម៉ាឌូរ៉ូ លទ្ធផលនៃការស៊ើបអង្កេតបឋមបានលើកឡើងថា ផែនការធ្វើឃាតនេះ មានប្រភពចេញមកពីប្រទេសកូឡូប៊ី ដែលជាប្រជាជាតិអាមេរិកឡាទីន នៅជាប់របងជាមួយគ្នា។ លោកប្រធានាធិបតីវេណេស៊ុយអេឡា បានលើកឡើងដូច្នេះថា «ខ្ញុំប្រាកដណាស់ថាលោក Juan Manuel Santos (ប្រធានាធិបតីកូឡុំប៊ី) គឺជាអ្នកនៅពីក្រោយខ្នងការវាយប្រហារនេះ»។ ជាមួយគ្នានេះដែរ លោក ម៉ាឌូរ៉ូ បានបន្តថា បើតាមការស៊ើបអង្កេតបឋមដដែល បានឲ្យតំរុយថា វាក៏មានជាប់ពាក់ព័ន្ធនឹងអាមេរិកផងដែរ។ យ៉ាងណាមិញ ការអះអាងទាំងនេះ ត្រូវបានធ្វើឡើង ដោយពុំមានការបង្ហាញភស្តុតាំងជាក់ស្តែងពីលោក ម៉ាឌូរ៉ូ ឡើយ។ ជុំវិញការចោទប្រកាន់នេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានចេញមុខបញ្ជាក់ថា ពុំមានជាប់ពាក់ព័ន្ធជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។
គួរជម្រាបថា យោងតាមសកម្មភាពក្នុងឃ្លីបវីដេអូនិងរូបភាពពីស្ថានីយទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា បានបង្ហាញឲ្យឃើញថា កំពុងតែថ្លែងសុន្ទរកថាសុខៗ ស្រាប់តែលោក ម៉ាឌូរ៉ូ បានងើយមើលទៅលើមេឃ រួចមានសំឡេងផ្ទុះឡើង ហើយក្រុមអង្គរក្សក៏បានស្ទុះយកខែលមកការពាររូបលោក ខណៈដែលក្បួនព្យុហយាត្រាយោធា បានបំបែកគ្នាយ៉ាងប្រសាចចេញពីកន្លែងកើតហេតុ។
បើតាមការបញ្ជាក់ពីរដ្ឋាភិបាលវេណេស៊ុយអេឡា ផែនការខាងលើបានទទួលបរាជ័យ គឺដោយសារប៉ូលិសការពារក្នុងតំបន់ បានបាញ់ទម្លាក់ឧបករណ៍ដ្រូនមួយគ្រឿង ដែលបានព្យាយាមវាយប្រហារមកលើកន្លែងកើតហេតុ ជាទីដែលមន្រ្តីជាន់ខ្ពស់វេណេស៊ុយអេឡា រួមមានទាំងលោក នីកូឡាស់ ម៉ាឌូរ៉ូ មានវត្តមាន៕